ករណីបុករះកម្មកររោងចក្រ នៅកំពង់ស្ពឺ ឈានដល់ឃាត់ខ្លួនមេក្លោងគ្រឿងញៀន៣នាក់ និងរឹបអូសគ្រឿងញៀន ជាង២គីឡូក្រាម

កំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ និងរឹបអូសគ្រឿងញៀន ជាង២គីឡូក្រាម បញ្ជូនទៅតុលាការ ក្រោយពីហេតុការណ៍បុករះកម្មកររោងចក្របណ្តាលរងរបួសធ្ងន់៤នាក់ និងស្លាប់ម្នាក់ កាលពីកន្លងទៅ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៨ និង១០នាទី នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឃាន ម៉េងលៀង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

នីតិវិធីបន្ទាប់ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសក្រោមការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ កែវ សុធា ហៅ ឌី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ ជា សំណាង ហៅ ដុំថ្ម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៨ និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ម៉េង ស្រ៊ុន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនោះកម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន ៖ គ្រឿងញៀន សរុបចំនួន៥៥កញ្ចប់ ទម្ងន់២០៧៣,២៦ក្រាម (ក្នុងនោះ ក្រាមពណ៌សថ្លាចំនួន១១កញ្ចប់ទម្ងន់១៦៩៣,០១ក្រាម, គ្រឿងញៀនកញ្ចប់សញ្ញារូបសេះក្រហម អក្សរសម្គាល់ FERRARI ចំនួន៤២កញ្ចប់ ទម្ងន់៣៧៨,៥៤ក្រាម, គ្រឿងញៀន ប្រភេទK ចំនួន០២កញ្ចប់ ទម្ងន់១,៧១ក្រាម) រថយន្ត ចំនួន០២គ្រឿង, ទូរស័ព្ទចំនួន០៥គ្រឿង, កាំភ្លើងដែកកេះ ចំនួន០១ដើម, ប្រាក់រៀល ចំនួនដប់បីម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺរួចហើយ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This