រថយន្តដឹកទំនិញធុនធំ បុកជាមួយរថយន្តសាំយ៉ុង បង្កការខូចខាតយ៉ាងដំណំ
បាត់ដំបង ៖ រថយន្តដឹកទំនិញធុនធំ បុកជាមួយរថយន្តសាំយ៉ុងដឹកផ្លែឈើ ពេញទំំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើង រងការខូចខាតយ៉ាងដំណំ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងរវាងរថយន្ដសាំយ៉ុងដឹកផ្លែឈើពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AM-7828 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរ៉េចង្កូតទៅឆ្វេងដៃកាត់ទទឹងផ្លូវ ចំណែករថយន្ត០១គ្រឿងទៀត ម៉ាក Hino ដឹកទំនិញធុនធំពណ៌សលាយខៀវ ពាក់ផ្លាកលេខស្វាយរៀង 3A-0563 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ជ្រុលចង្កូតទៅបុកពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងាជើង ចាក់ផ្លែឈើចោលពេញផ្លូវ ចំណែករថយន្តខូចខាតយ៉ាងដំណំ តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ ស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី