តម្រួតថៃ ចាប់ពលករខ្មែរ ២០នាក់ បញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រីក្មេងចាស់ ចំនួន២០នាក់ ដែលធ្វើការខុសច្បាប់ នៅប្រទេសថៃ ត្រូវបានតម្រួតថៃ ចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។

ការចាប់បញ្ជូនពលករខ្មែរ ពីសំណាក់តម្រួតថៃខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២ និង០០នាទី រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ ដោយបានតាមរយៈរថយន្តទ្រុង ដឹកពលករខ្មែរពីខេត្តស្រះកែវ មកមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។

បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ជារឿយៗ ខាងតម្រួតថៃ តែងតែចាប់បញ្ជូនពលករខ្មែរ ដែលឆ្លងដែនដោយខុសច្បាប់មកកម្ពុជាវិញ ។ ដោយការចាប់បញ្ជូនពលករខាងលើនេះ មិនមែនជាការចាប់បញ្ជូនក្នុងពេលស្ថានភាព ដែលប្រទេសទាំងពីរមានបញ្ហាតាមព្រំដែននោះឡើយ។

ចំពោះពលករដែលថៃចាប់បញ្ជូនមកនេះ ភាគច្រើនគឺពួកគាត់ឆ្លងដែនដោយខុសច្បាប់ គ្មានប័ណ្ណព្រំដែន និងប្រកបរបរការងារនៅក្នុងទឹកដីថៃដោយខុសច្បាប់ ទើបថៃចាប់បញ្ជូនមកជាបន្តបន្ទាប់ ។ ពលករខុសច្បាប់ទាំងនេះ ត្រូវបាននគរបាលអន្តោប្រវេសន៍កម្ពុជា ទទួលពីតម្រួតថៃ ប្រគល់ឲ្យមណ្ឌលសំចតរបស់កម្ពុជា ដែលមានមូលដ្ឋាននៅក្រុងប៉ោយប៉ែត ចាំទទួលបន្តយកទៅសាកសួរនាំតាមនីតិវិធី បើគ្មានរងគ្រោះក្នុងបទល្មើសអ្វីទេ ខាងមណ្ឌលសំចត នឹងអោយពួកគាត់ទៅលំនៅដ្ឋាន ឬស្រុកំណើតវិញ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This