ឯកឧត្តម សុខ លូ បងប្អូនទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយមន្ទីរអង្គភាពទាំងអស់ត្រូវត្រៀមលក្ខណៈជួយដល់សមរភូមិមុខ

បាត់ដំបង ៖ ក្នុងពិធីខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១.ខែមិថុនា .ឆ្នាំ២០០៧-២១ ខែមិថុនា ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអោយបងប្អូនទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយគ្រប់បណ្តាស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវត្រៀមលក្ខណៈដើម្បីជួយដល់សមរភូមិមុខ បើសិនជាមានហេតុការណ៍អ្វីកើតឡើង ខណៈពេលនេះកម្លាំងស្នងការ កម្លាំងអាវុធហត្ថ និងកម្លាំងសឹករង កំពុងតែត្រៀមកម្លាំងប្រចាំការ ហើយ កម្លាំងទាំងអស់ធ្វើយ៉ាងម៉េចត្រូវរក្សាកម្លាំងសាមគ្គីភាព ឯកភាពជាធ្លុងមួយ ដើម្បីអោយប្រទេសរបស់យើងរឹងមាំ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា គ្រប់តាមបណ្តាស្រុក និងមន្ទីរអង្គភាព ត្រូវបន្តយកចិត្តទុកដាក់ដល់បងប្អូនអតីតយុទ្ធជន ព្រោះយើងត្រូវចាំថា បើមិនមានគាត់ ក៏មិនមានយើង បើមិនមានអតីតយុទ្ធជនជំនាន់មុន ក៏អត់មានយើងនៅជំនាន់នេះទេ ដូច្នេះធ្វើយ៉ាងម៉េចត្រូវរក្សាកត្តាសាមគ្គីភាព កត្តាដឹងគុណរបស់បងប្អូនអតីតយុទ្ធជន ដែលគាត់ខំតស៊ូកាលពីសម័យនោះដើម្បីសុខសន្តិភាពថ្ងៃនេះ ដែលជាការបន្តវេន។

ហើយជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរ និងថ្លែងអំណរគុណ ទៅដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងអាវុធហត្ថខេត្ត សឹករងខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបានចែកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជនចំនួន២០០នាក់ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This