ក្រុងប៉ោយប៉ែត កាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីរបស់ថៃ ងាកមកប្រើប្រាស់អគ្គិសនីក្នុងស្រុក
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីអគ្គិសនីរបស់ក្រុមហ៊ុនអាងកូ បានធ្វើការកាត់ផ្ដាច់ខ្សែចរន្តអគ្គិសនី ដែលនៅនឹងមាត់អូរព្រំដែន តចេញពីប្រទេសថៃ មកចែកចាយនៅក្នុងក្រុងប៉ោយប៉ែត ។
បើតាមមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ការកាត់ផ្ដាច់នេះគឺ កាត់ផ្ដាច់ទាំងស្រុងលែងប្រើប្រាស់ចរន្តអគ្គិសនីរបស់ថៃ ពីសំណាក់ក្រុមហ៊ុនអានកូ ដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា កុក អាន ដែលកន្លងមកក្រុមហ៊ុននេះ បានយកភ្លើងពីថៃមកផ្គត់ផ្គង់នៅក្នុងក្រុងប៉ោយប៉ែត តែដោយសារមានបញ្ហារវាងកម្ពុជានិងថៃ ដោយខាងភាគីថៃ បានគំរាមលើការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធអ៊ីនធឺណិត ទើបនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏ឃើញមានមន្ត្រីអគ្គិសនីរបស់ក្រុមហ៊ុន អាន កូ ធ្វើការកាត់ផ្ដាច់ខ្សែចរន្តអគ្គិសនីនេះតែម្ដង ។
ដោយឡែកបើតាមលោក ជាវ ណារិន ប្រធានអគ្គិសនីកម្ពុជាខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា ជុំវិញការកាត់ផ្ដាច់ចរន្តអគ្គិសនីពីថៃនោះ គឺ ខាងអគ្គិសនីកម្ពុជារបស់លោក មិនបានដឹងទេ ដោយសារតែបណ្ដាញអគ្គិសនីក្រុងប៉ោយប៉ែត ដែលផ្គត់ផ្គង់ពីប្រទេសថៃនោះ គឺ ស្ថិតនៅក្រោមក្រុមហ៊ុន អាន កូ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ចរន្តអគ្គិសនី តបណ្ដាញពីប្រទេសថៃ តែលោកក៏បានបញ្ជាក់ថា អគ្គិសនីកម្ពុជាខេត្តបន្ទាយមានជ័យ បានត្រៀមបម្រុងផ្គត់ផ្គង់ចរន្តអគ្គិសនី ទៅតាមតំបន់នៃក្រុងប៉ោយប៉ែតរួចរាល់ហើយ ហើយជុំវិញបញ្ហានៃការផ្គត់ផ្គង់គ្រប់ ឬមិនគ្រប់យ៉ាងណានោះ លោកក៏មិនទាន់បានផ្ដល់ព័ត៌មានជាក់លាក់នោះទេ គឺ លោកឲ្យសួរទៅខាងរដ្ឋបាលក្រុង សង្កាត់ ។
សូមបញ្ជាក់ផងដែរថា ជុំវិញបញ្ហាអគ្គិសនីនៅក្នុងក្រុងប៉ោយប៉ែតកន្លងមក ដែលក្រុមហ៊ុន អាន កូ ជាអ្នកផ្គត់ផ្គង់ គឺ មិនបានគ្រប់គ្រាន់ដល់អតិថិជនដែលប្រើប្រាស់បណ្ដាញអគ្គិសនីនោះទេ គឺ តែងតែមានការរអាក់រអួល ដាច់ចរន្តជាប្រចាំ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាន់ និងពិបាកក្នុងការប្រើប្រាស់ចរន្តអគ្គិសនីនេះ ក្នុងការរស់នៅ និងប្រកបរបររកស៊ី ។ ប៉ុន្តែ ក្នុងរយៈពេលប្រមាណមួយខែចុងក្រោយនេះ នៅពេលដែលចរន្តអគ្គិសនីកម្ពុជា បានចូលមកបំពេញបន្ថែម ឃើញថា ចរន្តអគ្គិសនីដែលប្រជាពលរដ្ឋប្រើប្រាស់ ហាក់មិនសូវមានបញ្ហានោះទេ ។
ជុំវិញការកាត់ផ្ដាច់ខ្សែបណ្ដាញអគ្គិសនីពីថៃមកកម្ពុជានេះដែរ ភ្នាក់ងារយើង មិនអាចសុំការបំភ្លឺ ពីខាងក្រុមហ៊ុន អាន កូ បាននោះទេ ៕


ដោយ ៖ លី គឹមហាក់