សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាំអំណោយជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីឧបត្ថម្ភបន្តទៅកងទ័ពជួរមុខ
បន្ទាយមានជ័យ ៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម ចៅ ជីអាន ជាប្រធាន បាននាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីឧបត្ថម្ភបន្តទៅកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការចូលរួមផងដែរពីសំណាក់លោក អេម ពៅ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ រួមទាំងអស់លោក លោកស្រី ជាប្រធាន អនុប្រធាន ប្រធានផ្នែក សមាជិក សមាជិកាបណ្តាក្រុងស្រុក នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ជាច្រើននាក់ទៀតផងដែរ ។
ជាការឆ្លើយតប ក្នុងនាមរដ្ឋបាលខេត្ដ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណដល់ក្រុមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ដែលបានចំណាយថវិកាធនធាន ឧបត្ថម្ភដល់កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន ។ និងសូមជូនពរដល់ក្រុមការងារទទួលសុខភាពល្អ មាំមួនកម្លាំងកាយពលមាំមួន និងជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។










