លួចម៉ូតូបានសម្រេច មិនបានប៉ុន្មានម៉ោងផង ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួន

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត បានសម្រេចនិងគេចខ្លួនមិនបានប៉ុន្មានម៉ោង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ រុន រចនា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី ករណីបាត់ម៉ូតូ កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០២និង០០នាទី ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ប៉ិល ឡាទីហ្វ (ហុង) ភេទប្រុស អាយុ២៩ឆ្នាំ រួមទាំងវត្ថុតាង ម៉ូតូម៉ាកហុងដា ស៊ូម័រអ៊ិច ពណ៌សលាយពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1F-9214 និងកូនសោក្លែងចំនួន០៣គ្រាប់ នៅចំណុចបន្ទប់ជួលភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ ៕

CATEGORIES
Share This