អភិបាលស្រុកបារាយណ៍ អញ្ជើញសួរសុខទុក្ខបងប្អូនពលករ ដែលធ្វើមាតុភូមិនិវត្តន៍ មកពីប្រទេសថៃ នៅចំណតរថយន្តស្រុកបារាយណ៍

កំពង់ធំ ៖ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូន ពូមីងដែលជាពលករ ធ្វើការនៅប្រទេសថៃ និងបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់ចូលមកប្រទេសកម្ពុជាវិញ នៅចំណតរថយន្តស្រុកបារាយណ៍កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

លោកបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនពលករទាំងអស់ ដែលវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ជួបជុំគ្រួសារសាច់ញាតិ ដោយអាចរក្សាបាននូវសុខសុវត្ថិភាព ទោះបីជាមានស្ថានភាពប្រែប្រួលយ៉ាងណាក៏ដោយ។ លោកក៏បានសំណូមពរដល់បងប្អូនពលករទាំងអស់សូមថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត រស់នៅជួបជុំក្រុមគ្រួសារប្រកបដោយសុភមង្គល ព្រមទាំងងាកមកចាប់អារម្មណ៍ប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជាបន្លែបង្កា ត្រីសាច់ធម្មជាតិ ឬសម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

យ៉ាងណាមិញលោកឃន ចាន់ថៃអភិបាលស្រុកបារាយណ៍ ក៏បានអំពាវនាវឱ្យបងប្អូនពលករ និងប្រជាពលរដ្ឋទាំងអស់ជឿជាក់នៅលើរាជរដ្ឋាភិបាលក្នុងការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនបញ្ហាប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់ចុងបូកមុំបីទៅតុលាការអន្តរជាតិ(ICJ) ដើម្បីដោះស្រាយ ហើយទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏សូមរួមរស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

CATEGORIES
Share This