អ្នកវិនិយោគចិន បោះទុន៥០០លានដុល្លា ដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យ (សោឡា) នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖ អ្នកវិនិយោគជនជាតិចិន លោក Si Juchen បាននិយាយថា ក្រុមហ៊ុនរបស់លោកគឺDongbaishan Holding Group Co., Ltd. and its subsidiaries និងទំលាក់ទុនប្រមាណ៥០០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រផលិតថាមពលពន្លឺព្រះអាទិត្យ(សោឡា)នៅក្នុងខេត្តកំពង់ស្ពឺ ដែលនិងចាប់ផ្តើមនៅកំឡុងពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ នេះលើផ្ទៃដីប្រមាណជិត៦០០ហិកតា។ការលើកឡើងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលខេត្តកំពង់ស្ពឺលោក ជាម ច័ន្ទសោភ័ណ នាសាលបដិសណ្ឋារកិច្ចសាលាខេត្តកំពង់ស្ពឺ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
លោក Si Juchen បានបញ្ជាក់ថា ក្រុមហ៊ុនDongbaishan Holding Group Co.,ltd. and its subsidiaries បានដំណើរការមានរយ:ពេលជាង២០ឆ្នាំមកហើយនៅប្រទេសចិន ហើយដោយមើលឃើញពីឱកាសការងាររកស៊ី ក្រុមហ៊ុនក៏បានសហការជាមួយសមាគមសហគមន៍អភិវឌ្ឍន៍កម្ពុជា ចិន និងក្រុមហ៊ុន SL sunligth green energy sorlapower co.ltd បោះទុន៥០០លានដុល្លាសហរដ្ឋអាមេរិកវិនិយោគលើការងារនេះដោយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។ហើយនៅពេលដែលរោងចក្រចាប់ដំណើរការនិងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះក្នុងរង្វង់ពី១៥០០នាក់ទៅ៣០០០នាក់។
ក្នុងជំនួបនោះ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានបង្ហាញពីការគ្រាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគលើផ្នែកថាមពលកកើតឡើងវិញតែមួយគត់នៅក្នុងខេត្តកំពង់ស្ពឺ និងបានសន្យាផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងចំពោះផ្នែកច្បាប់និងនីតិវិធីផ្សេងៗដើម្បីឱ្យដំណើរការនៃរោងចក្រនេះប្រព្រឹត្តិបានរលូន។
ទន្ទឹមនោះលោកក៏បានថ្លែងអំណរគុណផងដែរដល់អ្នកវិនិយោគដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបោះទុនវិនិយោគនៅប្រទេសកម្ពុជាហើយជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ។លោកបានបញ្ជាក់ផងដែរបច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសប្រមាណ២៤៤២រោងចក្រ សហគ្រាស ក្នុងនោះមានអ្នកវិនិយោគប្រមាណជាង៩០%ជាជនជាតិចិន ៕











ដោយ ៖ ប៊ុត សារុន