រដ្ឋបាលខេត្តបាត់ដំបង បើកវេទិកាពិគ្រោះយោបល់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

បាត់ដំបង ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង លើកទី១០ ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួន២៥៤រូប។

វេទិកានេះធ្វើឡើងក្នុងគោលបំណងពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តបាត់ដំបង និងបណ្តាអង្គការ សមាគម សហគមន៍ ក្នុងការរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថាអង្គការសង្គមស៊ីវិលដែលបាននិងកំពុងអនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងខេត្តបាត់ដំបងសរុបចំនួន ១៤៥អង្គការសមាគម អង្គការមិនមែនរដ្ឋាភិបាលចំនួន ៩៣អង្គការ អង្គការអន្តរជាតិមានចំនួន ២៧អង្គការ សមាគមមានចំនួន២៥សមាគម ក្នុងចំណោមទិន្នន័យដែលក្រសួងមហាផ្ទៃផ្តល់ជូនដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ចុះជំរឿនសរុបចំនួន ២៨៧អង្គការសមាគម ក្នុងនោះក៏មានអង្គការសមាគមមួយចំនួនបានបិទលែងដំណើរការ និងទិន្នន័យដែលក្រុមការងាររដ្ឋបាលខេត្តចុះស្រង់បានសរុបចំនួន ៩៣អង្គការសមាគមបាននិងកំពុងប្រតិបត្តិការសកម្មភាពលើវិស័យសំខាន់ៗ ដូចជា វិស័យបរិស្ថាន ធនធានធម្មជាតិ,កសិកម្ម សន្តិសុខស្បៀង, សុខាភិបាល, អប់រំ វប្បធម៌, សង្គមកិច្ច ចិត្តសាស្ត្រ, កសិឧស្សាហកម្ម, វិជ្ជាជីវៈ, សេដ្ឋកិច្ចសង្គមកិច្ច, អភិបាលកិច្ច, សិទ្ធិមនុស្ស និងសាសនា ជាដើម។

ឯកឧត្តម សុខ លូ បានបន្តថា រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋានក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបងជាទៀងទាត់ដើម្បីចង់ដឹងពីមតិយោបល់របស់អង្គការសង្គមស៊ីវិល សមាគម ដើម្បីការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ការឆ្លើយតបអំពីបញ្ហាប្រឈម ក្តីកង្វល់ និងតម្រូវការនានា ហើយកន្លងមករដ្ឋបាលខេត្តតែងតែមានកិច្ចសហការល្អ ជាមួយអង្គការ សមាគម សហគមន៍នៅតាមមូលដ្ឋានចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងស្នើអង្គការ សមាគម សហគមន៍ ពង្រឹងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលតាមលំដាប់ថ្នាក់រាល់ការធ្វើគម្រោងនីមួយៗត្រូវសហការគាំទ្រគ្នាចៀសវាងមានបញ្ហា ៕

ដោយ ៖ សាលី

CATEGORIES
Share This