រថយន្តដឹកទឹកកកស្ពានដែក បុកកង់បីឥណ្ឌា ខ្ទប់ទៅនិងរថយន្តខាងមុខ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ
បាត់ដំបង ៖ ម៉ូតូកង់បីឥណ្ឌា០១គ្រឿង រងការខូចខាតយ៉ាងដំណំ ក្រោយត្រូវរថយន្តដឹកទឹកកកស្ពានដែកបុកខ្ទប់ទៅនិងរថយន្តដឹកទឹកកកខាងមុខមួយគ្រឿងផ្សេងទៀតដែលកំពុងឈប់ភ្លើងស្តុបកាលពីវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោង ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺមានរថយន្តជាច្រើនគ្រឿងកំពុងឈប់ចតបន្តកន្ទុយគ្នាដើម្បីរងចាំភ្លើងស្តុប ហើយក្នុងនោះក៏មានម៉ូតូកង់បីឥណ្ឌាពណ៌ស០១គ្រឿងពាក់ផ្លាកលេខ បាត់ដំបង1AH-2563 បើកបរដោយបុរសម្នាក់បានឈប់ចតពីក្រោយរថយន្តដឹកទឹកកកផងដែរ ហើយបន្តិចក្រោយមកក៏មានរថយន្តដឹកទឹកកកស្ពានដែកពណ៌សមួយគ្រឿងផ្សេងទៀតគ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់បានមកបុកពីក្រោយពេញទំហឹងខ្ទប់ទៅនិងរថយន្តដឹកទឹកកកខាងមុខបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុទាំងពីរទៅរក្សាទុកដើម្បីអោយម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ៕




ដោយ ៖ សាលី