អ្នកនាំពាក្យក្រសួងការពារជាតិ៖ ប្រាសាទតាក្របី, តំបន់មុំបី និងប្រាសាទតាមាន់ធំ ត្រូវបានកងទ័ពកម្ពុជាកាន់កាប់ដោយជោគជ័យ ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ក្រោយការប្រយុទ្ធយ៉ាងស្វាហាប់មុះមុតរបស់វីរកងទ័ពកម្ពុជាជាមួយភាគីថៃ កងទ័ពកម្ពុជាបានកាន់កាប់ដោយជោគជ័យ ប្រាសាទតាក្របី តំបន់មុំបី និងប្រាសាទតាមាន់ធំ ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលសន្និសីទនេះរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមការតស៊ូស្វិតស្វាញ រឹងមាំយ៉ាងស្វាហាប់របស់កងកម្លាំងប្រដាប់អាវុធកម្ពុជា យើងដណ្តើមកាន់កាប់បាននូវប្រាសាទតាក្របី នៅម៉ោង៩៖៣០នាទី ១០០ភាគរយ ទាញយកមកវិញនូវដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលជាម្ចាស់ប្រាសាទតាក្របី ក្នុងនោះក៏មានតំបន់មុំបី ក៏បានច្បាមកាន់កាប់យកដោយជោគជ័យ ដែលជាដែនអធិបតេយ្យរបស់យើងផងដែរ គិតមកដល់ម៉ោងនេះ យើងរក្សាប្រៀបឈ្នះ និងឈរកាន់កាប់នៅទីនោះ។ ចំពោះប្រាសាទតាមាន់ធំ ដែលចាប់ផ្តើមនៃការផ្ទុះអាវុធក៏កម្ពុជា នៅរក្សាកាន់កាប់ដដែលមិនមានការថយក្រោយសូម្បីតែមួយជំហានណាឡើយ»។

បើតាមលោកស្រី ម៉ាលី សុជាតា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាថៃបានបើកការវាយប្រហាររហូតដល់៨ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៨នោះរួមមាន៖ ទី១ ប្រាសាទតាមាន់ធំ ទី២ ប្រាសាទតាក្របី ទី៣ តំបន់ភ្នំទ្រព្យ ទី៤ វាលឥន្ទ្រី ទី៥ តាថាវ ទី៦ ភ្នំខ្មោច ទី៧ អានសេះអូផ្កាស្នេហ៍ និងទី៨ មុំបី។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា យោធាថៃមិនត្រឹមតែមានចេតនាវាយប្រហារលើទីតាំងយោធាកម្ពុជានោះទេ ថែមទាំងបើកការវាយប្រហារដល់តំបន់ ដែលមានប្រជាជនស្លូតត្រង់ថែមទៀតផង ដែលធ្វើឱ្យប្រជាជនបានជម្លៀសចេញពីផ្ទះសំបែង រកទីទួលសុវត្ថិភាព រស់នៅជាមួយភាពភ័យខ្លាច និងតក់ស្លុត។

ដោយមើលឃើញអំពើសាហាវឃោរឃៅរបស់ភាគីថៃបែបនេះ លោកស្រីបញ្ជាក់ថា ក្រសួងការពារជាតិបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលើភាគីថៃ និងបានស្នើដល់សហគមន៍អន្តរជាតិ ចូលរួមថ្កោលទោសឱ្យបានពេញទំហឹង នូវអំពើឃ្លានពានដ៏កំរោលរបស់ភាគីថៃ។

សូមជម្រាបថា ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពាន លើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ, នៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូន រយៈពេល០២នាទី ហើយនៅវេលាម៉ោង ០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកនេះ កងទ័ពឈ្លានពានថៃ បានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា នៅតំបន់ប្រាសាទតាមាន់ធំ និងឈានទៅបាញ់ប្រហារ នៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់មុំបី រួមទាំងប្រើប្រាស់យន្តហោះចម្បាំងទម្លាក់ចំនួន ០២គ្រាប់នៅផ្លូវវត្តកែវសិក្ខាគីរីស្វារៈ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

បន្ទាប់មកនៅវេលាម៉ោង ០៨:៤៧នាទីព្រឹក កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា៕

CATEGORIES
Share This