បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តទិញស្រូវពីក្រោយ បណ្តាលអោយស្លាប់ភ្លាមនឹងកន្លែង

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តអែបឈប់ឡើងស្រូវ នៅវេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៩ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តធុនធំមិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណមួយគ្រឿងបើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានអែបឈប់ដើម្បីឡើងស្រូវនៅលើចិញ្ចើមផ្លូវ ចំណែកម៉ូតូម៉ាកវេវពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1H-5835 បើកបរដោយឈ្មោះ ហ៊ាង ឡៃហុង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរទិសដៅស្របគ្នា បានជ្រុលទៅបុក ពីក្រោយរថយន្តពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ បន្ទាប់មករថយន្តក៏បានបើកគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងរួចប្រគល់សពជនរងគ្រោះទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកស្នងការដ្ឋានខេត្តយកទៅរក្សាទុកដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This