សមត្ថកិច្ចថៃតាមព្រំដែន ឃាត់ខ្លួនពលករខ្មែរ-ថៃ ២៧នាក់ ដែលលួចឆ្លងដែនតាមព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ និងពលរដ្ឋថៃ សរុប២៧នាក់ ត្រូវបានសមត្ថកិច្ចតាមបន្ទាត់ព្រំដែនរបស់ថៃ ធ្វើការព័ទ្ធបង្ក្រាបបានកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ខណៈលួចឆ្លងដែនតាមព្រំដែនកម្ពុជា-ថៃ ដើម្បីស្វែងរកការងារធ្វើ ។

តាមប្រភពព័ត៌មានរបស់សារព័ត៌មានថៃ បានឲ្យដឹងថា ប្រតិបត្តិការខាងលើ មាន២ករណី ៖ ទី១ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះថៃ បានឃាត់ក្រុមពលករខ្មែរ ចំនួន១៤នាក់ ស្រី០៦នាក់ ក្មេង០៣នាក់ នៅចំណុចផ្លូវជាតិក្បែរចម្ការអំពៅ ក្នុងភូមិផានសឿក ឃុំ ផាន់សឿក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចម្ងាយប្រហែល ២៥០ម៉ែត្រពីព្រំដែន ។ ពលករខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេឆ្លងដែន ដើម្បីស្វែងរកការងារធ្វើនៅស្រុកអារញ្ញប្រាថេត ដូចជាកាប់ដើមត្នោត អំពៅ និងការងារតាមចម្ការជាដើម ។

ករណីទី២ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះថៃ បានឃាត់ក្រុមពលករថៃ បានឃាត់ខ្លួនក្រុមពលករថៃ ចំនួន១២នាក់ ស្រី០៦នាក់ ខណៈដើរ​ឆ្លង​កាត់​ចម្ការ​អំពៅ ឆ្ពោះ​ទៅ​ប្រទេស​កម្ពុជា នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេសថៃ ។ ក្រោយឃាត់ខ្លួនពលករថៃទាំងនោះ បានសារភាពថា ពួកគេត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឱ្យ​ធ្វើការ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​អះអាង​ថា​ ផ្តល់​ការងារ​នៅ​ខាងក្រោយ​ផ្សារ​រោង​ក្លឿ​  ពេល​មក​ដល់​ស្រុក​អារញ្ញ​ គេ​នាំ​ទៅ​រមណីយដ្ឋាន​មួយ​មុន​នឹង​ត្រូវ​រថយន្ត​ភីកអាប់​ ដឹក​យក​ទៅ​ព្រំដែន ហើយអ្នកបើកបរ​បាន​បញ្ជា​ឱ្យ​ពួកគេ​ចេញពី​រថយន្ត ហើយ​ដើរ​កាត់​ចំការ​អំពៅ ដើម្បី​រង់ចាំ​មគ្គុទ្ទេសក៍​ខ្មែរ​ មក​ទទួល​ពួកគេ​នៅ​ត្រើយ​ម្ខាង​ ។

ក្រោយឃាត់ខ្លួនពលករខ្មែរ និងពលករថៃ ទាំងអស់ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅកាន់​ប៉ុស្តិ៍​នគរបាល​ព្រែក​ណាំ​សៃ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

CATEGORIES
Share This