អាជ្ញាធរខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ អាហារនិងដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងទុតិយភូមិ
ប៉ៃលិន ៖ បេក្ខជន-បេក្ខនារីដែលត្រូវប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិនៅខេត្តប៉ៃលិន ទទួលបានការ យកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត លើកការស្នាក់នៅ អាហារ និងការដឹកជញ្ជូនដោយ ឥតគិតថ្លៃ។
លោក ហុក សុផល អភិបាលរងតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញ ជួប សំណេះសំណាល ជាមួយបេក្ខជន-បេក្ខនារី ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមកស្នាក់នៅ ផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ និងបានលើកឡើងថា ជារៀងរាល់ឆ្នាំ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជន-បេក្ខនារី ដែលមានទីលំនៅឆ្ងាយៗ ពិបាកក្នុងការធ្វើដំណើរមកប្រឡង លោកជំទាវតែងតែផ្តល់ជាកន្លែងស្នាក់នៅ និង ផ្តល់អាហារ បីពេលដោយឥតគិតថ្លៃ ព្រមទាំងមានពេទ្យ កងកម្លាំងនៅយាមប្រចាំការ ថែរក្សាសន្តិសុខសុវត្ថិភាព ទាំងថ្ងៃទាំងយប់ ហើយប្រសិនជាមាន អាការមិនស្រួលខ្លួន ឬបញ្ហាអ្វីមួយ ក្រុមការងារ នឹងបញ្ជូនទៅជួបពេទ្យដែលប្រចាំការនៅទីនោះជាបន្ទាន់។
លោកបន្តថា ទោះបីប្រទេសជាតិយើង ស្ថិតនៅក្នុង ស្ថានភាពនៃការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាយើងក៏ពិតមែន តែសូមបេក្ខជន-បេក្ខនារី កុំមានការព្រួយបារម្ភ ត្រូវខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការប្រឡងឲ្យទទួលបានលទ្ធផលល្អគ្រប់ៗ គ្នា ដោយទុកកិច្ចការងារដឹកនាំប្រទេសជាតិ ជូនប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការថែរក្សា ការពារបូរណភាពទឹកដីកម្ពុជា ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់វីរកងទ័ព ដ៏ក្លាហានរបស់យើង ឈរ ការពារយ៉ាងរឹងមាំនៅតាមបណ្ដោយ ព្រំដែន។
ជាការឆ្លើយតប តំណាងបេក្ខជន-បេក្ខនារី ដែលត្រូវ ប្រឡង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ ទៅលើពួកគាត់ ក្នុងការផ្តល់ជាកន្លែងសម្រាប់ស្នាក់នៅ ការផ្ដល់អាហារ បីពេល និងរថយន្តក្រុង សម្រាប់ធ្វើដំណើរទៅប្រឡងផង ដែរ៕












