ពលរដ្ឋ និងជនចាស់ជរា មានជីវភាពខ្វះខាត ៤០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជន

បាត់ដំបង ៖ ប្រជាពលរដ្ឋ និងជនចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ៤០គ្រួសារ មកពី៤ភូមិ ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនដែលរស់នៅសហរដ្ឋអាមេរិក តាមរយៈលោក ហូឡា សេរី និងលោកស្រី ហូឡា កុសមៈ។

ក្នុងឱកាសជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ក្រុមគ្រួសារពលរដ្ឋ និងជនចាស់ជរា មានជីវភាពខ្វះខាតនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះដែរ លោក សេក ផានិត មេឃុំអូរដំបង១ បានសម្តែងការសប្បាយរីករាយ និងអរគុណយ៉ាងខ្លាំងចំពោះលោកពូ ហូឡា សេរី និងអ្នកមីង ហូឡា កុសមៈ ជាសប្បុរសជនដែលបានចំណាយនូវពេលវេលានិងថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ពលរដ្ឋ គ្រួសារដែលមានជីវភាពខ្វះខាត ជនចាស់ជរាដែលកំពុងជួបការលំបាក ជាពិសេសលោកបានជួយទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ។

លោក សេក ផានិត បានបញ្ជាក់ថា បើទោះបីជាអំណោយដែលយកមកចែកជូននាពេលនេះវាមានតិចតួចក៏ពិតមែន តែវាគ្រាន់ជាការចែករំលែកការខ្វះខាត ហើយអាចជួយសម្រាលដល់បងប្អូនបានមួយគ្រាផងដែរខណៈពេលដែលប្រទេសជាតិយើងកំពុងជួបវិបត្តិពីការឈ្លានពានពីប្រទេសថៃ ។

ជាមួយគ្នានេះដែរ លោកស្រី ហូឡា កុសមៈ និងលោក ហូឡា សេរី លោកបានបញ្ជាក់ អំណោយទាំងនេះវាមិនមានច្រើនទេ ដោយសារយើងធ្វើជាប្រចាំនៅតាមបណ្តាភូមិផ្សេងៗទៀត ហើយអ្វីដែលយើងអាចចែករំលែកបាន យើងត្រូវតែចែករំលែក ហើយប្រសិនបើថ្ងៃណាមួយបងប្អូនមានការខ្វះខាត បងប្អូនអាចទាក់ទងទៅមេភូមិ ឬមេឃុំ ដើម្បីអោយគាត់ជួយ ពីព្រោះលោកមិនទុកអោយពលរដ្ឋណាម្នាក់ដាច់បាយឡើយ ហើយបើមេឃុំជួយយើង យើងត្រូវតបស្នងជួយទៅមេឃុំវិញ ដើម្បីអោយគាត់នៅបានយូរអង្វែងដើម្បីចាំជួយទៅបងប្អូនបន្តទៀត។

ជាកិច្ចឆ្លើយតប លោកយាយតំណាងអោយប្រជាពលរដ្ឋទាំងអស់នោះក៏បាន សម្តែងការសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់លោក ហូឡា សេរី និងលោកស្រី ហូឡា កុសមៈ ព្រមទាំងសប្បុរសជននៅក្រៅប្រទេសទាំងអស់ ដែលតែងតែចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីទិញនូវគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសគ្រួសារចាស់ជរាដែលជួបការលំបាកខ្វះខាតនាពេលនេះ ក៏ដូចរយះពេលកន្លងមក និងសូមជូនពរអោយក្រុមគ្រួសារលោក លោកស្រីទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុខភាពល្អ ដើម្បីបន្តនាំយកអំណោយចែកជូនដល់ពលរដ្ឋជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន ក្នុងមួយគ្រួសាររួមមាន -អង្ក ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ត្រីខ ,មី ,ពងទា ,ថ្នាំពេទ្យ និងថវិការមួយចំនួនផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This