អាជ្ញាធរខេត្តបានបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃជាង១៥ឆ្នាំ ក្រោមនយោបាយឈ្នះ ឈ្នះ នៅកំពង់ស្ពឺ

កំពង់ស្ពឺ៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃអូសបន្លាយជាង១៥ឆ្នាំ រវាងពលរដ្ឋ៣៨គ្រួសារជាមួយមន្ត្រីយោធាដ៏មានឥទ្ធិពលម្នាក់លើផ្ទៃដីប្រមាណជាង៥០ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺលើកមកដោះស្រាយឈានដល់ការបញ្ចប់វិវាទ ក្រោមនយោបាយឈ្នះឈ្នះ។

លោក ជេត ដុំ នាយករងរដ្ឋបាលនៃសាលាខេត្តកំពង់ស្ពឺបានប្រាប់នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះថា ពលរដ្ឋ៣៨គ្រួសារតំណាងដោយលោកស្រី ឆាយ វីនីតា លោកស្រី យូ រ៉ននិងលោកជន មឿន បានប្តឹងមន្ត្រីយោធាម្នាក់គឺ លោក ទូច សុភ័ក្ត្រ ទៅគ្រប់សមត្ថកិច្ចពាក់ពន្ធ័តាំងពីថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត តុលាការនិងពិសេសក្រសួងនានារួមទាំងរាជរដ្ឋាភិបាលថាបានរំលោភយកដីពួកគាត់ជាង៥០ហិកតាដោយមិនឱ្យអាស្រ័យផលអ្វីបានឡើយ។តែការដំណើរការដោះស្រាយនេះ គណៈកម្មការដោះស្រាយលើកយកតែទំនាស់រវាងលោកស្រី យូ រ៉ន លោក ជន មឿន ជាមួយលោក ទូច សុភក្ត្រ័ មកដំណើរការប៉ុណ្ណោះ ទុកករណីលោកស្រី ឆាយ វីនីតា ជាមួយលោក ទូច សុភក្ត្រ័ ដោះស្រាយនៅពេលក្រោយ។ ករណីនេះត្រូវបានអាជ្ញាធរមូលដ្ឋាន ខេត្ត តុលាការគ្រប់ថ្នាក់ ក្រសួងលើកមកដោះស្រាយជាបន្តបន្ទាប់ តែមិនអាចបញ្ចប់បានឡើយដោយភាគីទាំងពីរមោនទទួលយកលទ្ធផលនៃការដោះស្រាយ ហើយបន្តប្តឹងផ្តល់និងសុំការអន្តរាគមន៍ទៅគ្រប់ភាគីពាក់ព័ន្ធដែលគិតមកទល់ពេលនេះអូសបន្លាយជាង១៥ឆ្នាំ។

លោក ជេត ដុំ បន្តថា នៅក្នុងដំណើរការដោះស្រាយរឿងក្តីនេះដែរ បានធ្វើឱ្យសមាសភាពភាគីពាក់ព័ន្ធខ្លះត្រូវបានអនុវត្តច្បាប់ឱ្យជាប់គុក ជាប់ច្រវ៉ាក់និងមានកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់។ដោយមើលឃើញពីការអូសបន្លាយច្រើនឆ្នាំនិងចង់បញ្ចប់វិវាទជូនពលរដ្ឋ អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានចាត់តាំងលោកដឹកនាំកិច្ចប្រជុំដោះស្រាយលើករណីវិវាទដីធ្លីរ៉ាំរ៉ៃនេះដោយអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ និងមិនមានការចំណាយធនធានប្រាក់កាស ភាគីទាំងពីរគឺលោកស្រី យូ រ៉ន លោក ជន មឿន និងលោក ទូច សុភ័ក្ត្រ ក៏បានយល់ព្រមនិងទទួលយកការដោះស្រាយបញ្ចប់វិវាទដោយស្នាមញញឹម ហើយក្នុងនោះក៏បានថ្លែងអំណរគុណដល់អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ ដែលបានគិតគូនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខពលរដ្ឋក្នុងខេត្តពិសេសគឺពលរដ្ឋដែលមានទំនាស់ដីធ្លីមិនអាចអាស្រ័យផលបាន។

ជាមួយនិងការដោះស្រាយបញ្ចប់នោះដែរ លោក ជេត ដុំ នាយករងរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ផងដែរថា ក្រោយមានការឯកភាពទទួលយក សមត្ថកិច្ចជំនាញសុរិយោដីនិងពន្លឿនការចេញប្លង់ជូនពួកគាត់ដើម្បីបញ្ជាក់សិទ្ធិកាន់កាប់ស្របច្បាប់និងការប្រើប្រាស់តាមតម្រូវការ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This