នគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណី កាប់ប្លន់យកម៉ូតូ ០៣ករណី ឃាត់ខ្លួនជនសង្ស័យ ១០នាក់

បន្ទាយមានជ័យ ៖ អធិការនគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន១០នាក់ ក្នុងករណីកាប់ប្លន់យកម៉ូតូ ០៣ករណីផ្សេងគ្នា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យសារព័ត៌មានដឹងថា ដោយអនុវត្តន៍មានតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំបញ្ជាបានកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជនសង្ស័យសរុប ចំនួន១០នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូពីប្រជាពលរដ្ឋ ចំនួន០៣ទីតាំងផ្សេងៗគ្នា រួមមាន ៖

លើកទី១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៥នាទីយប់ ចំណុចការ៉ាស់សាំងតេលាឈ្មោះ ឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកHONDA DREAM-សេរីឆ្នាំ២០២២ ពណ៌ខ្មៅ-មានស្លាកលេខ កំពង់ធំ 1R-8993-លេខតួ6199104 ។

លើកទី២ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០និង ៤០នាទីយប់ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល១៥០ម៉ែត្រ បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិតកាប់យកម៉ូតូជនរងគ្រោះ បានចំនួន២គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ លេខតួនិងម៉ាស៊ីន5516627 ផ្លាកលេខបាត់ដំបង 1AG-7471 និងម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ផ្លាកលេខ បន្ទាយមានជ័យ 1V-0945 លេខតួនិងលេខម៉ាស៊ីន 5824262 ។

លើកទី៣ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១យប់ នៅចំនុចមណ្ឌល៨ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ជាក្មេងទំនើង ជិះម៉ូតូ២គ្រឿង ដាវមួយដើម បម្រុងកាប់លើជនរងគ្រោះ ហើយជនរងគ្រោះបានរត់ចោលម៉ូតូ ។ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២៥ ពណ៌ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ1AD-9744 លេខតួ ND125N0260939 ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន ដូចជា ៖ ម៉ូតូ ចំនួន០៥គ្រឿង, ដាវ ១ដើម, កាំបិត ២ដើម និងមួកសុវត្ថិភាព ៣មួកផងដែរ ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវបក្ខពួកផ្សេងៗ ទៀត ដែលកំពុងរត់គេចខ្លួន ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ លី គឹមហាក់

CATEGORIES
Share This