សត្វឆ្កែចចកព្រៃ០២ក្បាលហើយ! ត្រូវបានពលរដ្ឋវាយងាប់ បន្ទាប់ពីរត់ចូលភូមិខាំមនុស្សរបួស០៣នាក់

សត្វឆ្កែចចកព្រៃចំនួន០២ក្បាលត្រូវបានពលរដ្ឋវាយងាប់ បន្ទាប់ពីរត់ចូលភូមិខាំមនុស្សរបួស០៣នាក់នៅក្នុងភូមិសាស្ត្រឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានអោយដឹងថា កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅចំណុចក្រុម០៥ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីសត្វឆ្កែចចក០១ក្បាលសម្បុរប្រផេះ មុខស្រួច ចង្កោមវែង បានខាំប្រជាពលរដ្ឋអោយរងរបួសចំនួន០៣នាក់រួមមាន !

១.ឈ្មោះ លី ជា ភេទប្រុស អាយុ៤៩ឆ្នាំ (ខាំត្រូវកែងដៃខាងស្តាំ) ខណៈពេលជនរងគ្រោះកំពុងដើរហាត់ប្រាណ។

២.ឈ្មោះ សេង រតនា ភេទស្រី អាយុ១៧ឆ្នាំ (ខាំត្រូវកែងដៃខាងឆ្វេង) ខណៈជនរងគ្រោះកំពុងជិះកង់ទៅរៀនគួ។

៣.ឈ្មោះ ថឹង ស៊ី ភេទស្រី អាយុ៦៦ឆ្នាំ (ខាំត្រូវបបូមាត់ខាងឆ្វេង និងក្រោមភ្នែកខាងឆ្វេង) ខណៈពេលជនរងគ្រោះកំពុងដើរទៅផ្សារដើម្បីលក់នំបញ្ចុក ទាំង០៣នាក់រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុករមោងឫស្សី ខេត្តបាត់ដំបង។

លោកអធិការបានបញ្ជាក់បន្ថែមថា ចំពោះសត្វឆ្កែចចកខាងលើត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយងាប់បាត់ហើយ ដោយឡែកនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ សត្វឆ្កែចចកមួយក្បាលផ្សេងទៀតបានរត់ចូលក្នុងភូមិក៏ត្រូវបានពលរដ្ឋនាំគ្នាវាយងាប់ផងដែរ។

CATEGORIES
Share This