ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ខណៈនាំពលករ ០៣នាក់ បម្រុងឆ្លងដែនពីកម្ពុជាចូលទៅថៃ
បាត់ដំបង ៖ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥៣៣ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន បានធ្វើការបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឲឆ្លងដែន (បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជាចូលប្រទេសថៃ)។
កិច្ចប្រតិបត្តិការខាងនេះ ធ្វើឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងក្រុមទី០១ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ មាន ៖ ១-ឈ្មោះ រឿម រិទ្ធ ហៅ ទូច ភេទប្រុស អាយុ ៤២ឆ្នាំ, ២-ឈ្មោះ អោ សំអុន ហៅ អូន ភេទប្រុស អាយុ២៧ឆ្នាំ, ៣-ឈ្មោះ ចែម ហួរ ភេទប្រុស អាយុ ៣៧ឆ្នាំ ទាំងបីនាក់ជាមេខ្យល់ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈប័ក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យដែលជាមេខ្យល់ខាងលើ បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៣នាក់ ឪពុក ម្តាយ និងកូន បម្រុងឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយយកប្រាក់ថ្លៃជូនក្នុងម្នាក់ចំនួន ៣៥០០បាត (បីពាន់ប្រាំរយបាត) ។
បច្ចុប្បន្នទាំងជនសង្ស័យ និងពលករ រួមជាមួយមធ្យោបាយម៉ូតូកង់បី០១គ្រឿង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តនីតីវិធីផ្លូវច្បាប់ ៕



ដោយ ៖ សាលី


