បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកគូថរថយន្តនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៧ ស្ថិតក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AM-9861 បើកបរដោយឈ្មោះ ឈើន វិសាល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នករួមដំណើរជាបុរសម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថរថយន្តមិនស្គាល់ម៉ាក(សង្ស័យរថយន្តដឹកដី) បណ្តាលអោយដួលបោកក្បាលស្លាប់អ្នកបើកបរម្នាក់ភ្លាមៗ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មករថយន្តបានគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ ចំណែកសាកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយម៉ូតូ ជនរងគ្រោះត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕


ដោយ ៖ សាលី


