ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំង បានអនុញ្ញាតអោយសិក្ខាកាមពីសាលារាជធានីភ្នំពេញបានចូលរួម
ភ្នំពេញ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាល រាជធានីភ្នំពេញ ដឹកនាំសិក្ខាកាមកម្ពុជាចំនួន ៩ រូប ដែលបានចូលរួម “វគ្គបណ្តុះបណ្តាលថ្នាក់ឧត្តមស្តីពីការពង្រឹងគុណភាពសេវាសុខភាព សម្រាប់មន្ទីរពេទ្យបង្អែកដង្កោ” និងលោក Kim Yonghyun តំណាងមជ្ឈមណ្ឌលសុខភាព SOON CHUN HYANG UNIVERSITY ប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងក្រោមកិច្ចសហការដោយមជ្ឈមណ្ឌលសុខភាព SOON CHUN HYANG UNIVERSITY និងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលមានសិក្ខាកាមកម្ពុជា ចំនួន ៩ រូប អញ្ជីញចូលរួម មកពីសាលារាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកដង្កោ។
ឯកឧត្តម ឃួន ផុនរតនៈ បានសម្តែងការកោតសរសើរចំពោះមជ្ឈមណ្ឌលសុខភាព SOON CHUN HYANG UNIVERSITY ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការកសាងសមត្ថភាព និងអភិវឌ្ឍធនធានមនុស្សលើវិស័យសុខាភិបាល និងការផ្តល់ឱកាសការសិក្សាបន្តនៅកូរ៉េដល់និស្សិតកម្ពុជា។
ឯកឧត្តម ឃួន ផុនរតនៈ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់លើគម្រោងសក្តានុពលនានា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងមជ្ឈមណ្ឌលសុខភាព SOON CHUN HYANG UNIVERSITY ផងដែរ ៕







