លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ, សេវាសន្តិសុខសង្គម,ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើងជាដើម ។
ការណ៍នេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងពិធីគោរពទង់ជាតិ របស់ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ជាមួយនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនេះដែរ កម្លាំងនគរបាលជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលទាំង៩ក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ក៏បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព, ផលប៉ះពាលនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និង ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យកាន់តែទូលំទូលាយ ក្នុងគោលបំណង បញ្ជ្រៀបការយល់ដឹង ដល់សិស្ស និងប្រជាពលរដ្ឋ ហើយវាក៏ជាការពង្រឹងកិច្ចសហការល្អ រវាង នគរបាលនិងប្រជាជន ដើម្បីងាយស្រួលក្នុងការរួមគ្នា បង្ក្រាបបទល្មើសគ្រប់ប្រភេទ តាមមូលដ្ឋាន សំដៅធ្វើយ៉ាងណា ឲ្យខេត្តបន្ទាយមានជ័យទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ ៕














