មនុស្សប្រុសស្រី០២នាក់ រងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នា
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០២នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវក្នុងបុរីរោងចក្រ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AW-3841 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូ០១គ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង1AQ-8421 បើកបរដោយសិស្សសាលាស្រីម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគ្នាបណ្តាលអោយភាគីខាងម៉ូតូឌ្រីមរងរបួសធ្ងន់ ចំណែកភាគីខាងម៉ូតូស្កុបពីរងរបួសស្រាល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕





ដោយ ៖ សាលី