ល្បួងរំលោភបានសម្រេច២ដង ហើយលួចថតរូបគម្រាមបង្ហោះតាមបណ្តាញសង្គម ត្រូវជនរងគ្រោះប្តឹងអាវុធហត្ថឲ្យចាប់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន តាមបណ្ដឹងជនរងគ្រោះ បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពល្បួងរំលោភជនរងគ្រោះ បានសម្រេច២ដង ហើយលួចថតរូបទុក និងគម្រាមបង្ហោះតាមបណ្តាញសង្គម ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីឈ្មោះ ស.វ រ.ត.ន ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្ដឹងចោទប្រកាន់លើឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពីបទ លួងលោមរួមភេទ ផលិតរូបអាសអាភាស និងគំរាមបង្ហោះរូបអាក្រាតក្នុងបណ្ដាញសង្គម ។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ជ័យ ចាន់តារា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចមុខផ្ទះសំណាក់ ពៅ ពិសី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំទៅតាមនីតិវិធី ។
តាមការរៀបររាប់របស់ជនរងគ្រោះ បានឲ្យដឹងថា រូបខ្លួនបានស្គាល់ជនសង្ស័យ រយៈពេលមួយខែមកហើយ ហើយថ្ងៃកើតហេតុលើកទី១ ខ្លួនបានទៅលេងផ្ទះឈ្មោះ ជ័យ ចាន់តារា (ជនសង្ស័យ ) ខណៈពេលខ្លួនចូលបន្ទប់ទឹក ត្រូវជនសង្ស័យចាប់បង្ខំរួមរ័កក្នុងបន្ទប់ទឹក ដោយសារតែខ្លួនភ័យខ្លាច ក៏មិនហ៊ានរករឿងជនសង្ស័យ ។ លើកទី២ ពេលខ្លួនទៅកម្មវិធីមិត្តភក្តិ ហើយជនសង្ស័យបានទៅយក ដើម្បីសម្រុះសម្រួលគ្នាបញ្ចប់រឿង តែត្រូវជនសង្ស័យយកលេសថា ម៉ូតូខូច ហើយស្នាក់នៅផ្ទះសំណាក់មួយយប់ ហើយជនសង្ស័យល្បួងរួមរ័កម្តងទៀត ហើយជនសង្ស័យបានលួចថតរូបទុក ។ ក្រោយមករូបខ្លួនបានប្លុកហេ្វសបុក និងតេឡេក្រាមរបស់ជនសង្ស័យចោល ដើម្បីបញ្ចប់ទំនាក់ទំនងគ្នា ស្រាប់តែជនសង្ស័យខឹង ហើយគម្រាមរូបខ្លួនថា នឹងបង្ហោះវីដេអូ និងរូបថតពេលរួមរ័ក តាមបណ្ដាញសង្គម ព្រមទាំងគម្រាមធ្វើបាបកូនរបស់ខ្លួនទៀតផង ទើបខ្លួនសម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង ។
លោកបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបង្ខំជនរងគ្រោះដើម្បីរួមរ័ក ហើយគម្រាមថា នឹងបង្ហោះវីដេអូ និងរូបថតអាក្រាតពិតប្រាកដមែន។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការបង្ក្រាបនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

