ជើងភ្នំប៉ោយស្វាយ ក្នុងស្រុកបាណន់ ត្រូវបានក្រុមហ៊ុន ប៊ី វីរះ ដាក់គ្រឿងចក្រ កាយយកអាចម៍ដីលក់ស្ទើរក្លាយជាជ្រោះ
បាត់ដំបង ៖ ជើងភ្នំប៉ោយស្វាយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានក្រុមអាជីវកម្មរបស់លោក ប៊ី វីរះ ដាក់គ្រឿងចក្រកាយទន្រ្ទានយកអាចម៍ដីលក់ស្ទើរក្លាយជាជ្រោះ ដោយមិនការទប់ស្កាត់ពីអាជ្ញាធរ ក៏ដូចជាមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធឡើយ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំខាងលើបានបង្ហើបប្រាប់អោយដឹងថា ដីជើងភ្នំប៉ោយស្វាយនេះគឺជាដីសហគមន៍ ហើយកន្លងមកត្រូវបានក្រុមឈ្មួញជាច្រើនបានដាក់គ្រឿងចក្រចូលមកធ្វើអាជីវកម្មទន្រ្ទានកាយយកអាចម៍ដីលក់ដែលមានជម្រៅស្ទើរដល់ក្បាលប្រែត ហើយមួយរយៈចុងក្រោយនេះក៏មានក្រុមហ៊ុន ប៊ី វីរះ ចុះមកជីកកកាយបន្តដែលក្នុងមួយថ្ងៃៗរាប់សិបឡាន មិនដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញណាម្នាក់ចុះមកហាមឃាត់និងបង្ក្រាបម្តងណាឡើយ។
ពាក់ព័ន្ធករណីជីកកកាយដីជើងភ្នំប៉ោយស្វាយខាងលើនេះដែរ លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមរយៈប្រព័ន្ធតេឡេក្រាមថា អោយសួរទៅរ៉ែ ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន ប៊ី វីរះ ព្រោះគេអត់ឆ្លងកាត់លោកទេ តែស្រុកមានសិទ្ធិចាប់នៅពេលដែលក្រុមហ៊ុនកាយខុសទីតាំងដែលគាត់ស្នើ ពិសេសកាយប៉ះពាល់ដីសហគមន៍ ប៉ះពាល់ដីក្រៅពីសំណើ។
ដោយឡែកលោក ស៊ុន ស៊ីធួន ប្រធានការិយាល័យនៃមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អោយដឹងដែរថា ក្រុមហ៊ុន ប៊ី វីរះ គឺមានច្បាប់ត្រឹមត្រូវ ប៉ុន្តែច្បាប់អោយកាយតែខាងលើ បើកាយខាងក្រោមគឺខុសហើយ ៕
ដោយ ៖ សាលី





