អាវុធហត្ថឃាឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅសាលាដំបូងខេត្តខេត្តកំពង់ស្ពឺ ជាមួយនិងគ្រឿងញៀន១០០កញ្ចប់
កំពង់ស្ពឺ ៖ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន ស្ថិតនៅចំណុចផ្លូវលំភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿង ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះថាជនសង្ស័យទី១ដែលកម្លាំងជំនាញបានឃាត់ខ្លួនមានឈ្មោះ ឈឹម លាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សសង្ស័យថាសារធាតុញៀនចំនួន៧កញ្ចប់(ទម្ងន់១.៧៣ក្រាម),ម៉ូតូចំនួន០១គ្រឿង,ទូរស្ទ័ពចំនួន០១គ្រឿង,ដែកឆាបចំនួន០១ដើម,កាំបិទចុងស្រួចចំនួន០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។យោងតាមចម្លើយសារភាពរបស់ឈ្មោះ ឈឹម លាន់ សមត្ថកិច្ចអាវុធហត្ថខេត្តសហការបន្តជាមួយអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួចបានបន្តបើកប្រតិបត្តិការស្រាវជ្រាវនិងឡោមព័ទ្ធទីតាំងផ្ទះជនសង្ស័យឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អ៊ុយ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នាជាមេក្លោងចែកចាយនិងជួញដូរគ្រឿងញៀនដ៏ធំប្រចាំមូលដ្ឋាន។នៅក្នុងរង្វង់ប្រតិបត្តិការនោះ កម្លាំងជំនាញបានប្រមូលនិងចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនចំនួន៩៣កញ្ចប់(ទម្ងន់២៣.៤ក្រាម)និងទូរស្ទ័ពចំនួន០១គ្រឿង។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺលោក ម៉េង ស្រ៊ុន បានបញ្ជាក់ឱ្យដឹងថា ក្រោយបញ្ចប់ប្រតិបត្តិការនិងសាកសួរចម្លើយដើម្បីកសាងសំណុំរឿង កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃទីបញ្ជការអាវុធហត្ថខេត្តកំពង់ស្ពឺបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់រួមនិងគ្រឿងញៀនចំនួន១០០កញ្ចប់វត្ថុតាងផ្សេងទៀតទៅកាន់សាលាដំបូងរួចហើយនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ។
សូមបញ្ជាក់ផងដែរថា ជាមួយនិងលទ្ធផលនៃរង្វង់ប្រតិបត្តិការរបស់កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺនិងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំស្រួច ប្រជាពលរដ្ឋបានសាទរនិងកោតសរសើរចំពោះប្រតិបត្តិការនេះហើយរំពឹងថាមូលដ្ឋានរស់នៅរបស់ពួកគាត់លែងមានការចរាចរគ្រឿងញៀនបន្តទៀតហើយ ហើយកូនៗរបស់ពួកគាត់គេចផុតពីហានិភ័យនៃគ្រឿងញៀននេះដែរ។ក្នុងនោះប្រជាពលរដ្ឋក៏ទទួចសុំឱ្យសមត្ថកិច្ចបន្តបង្ក្រាបដូចភ្លៀងរលឹមដើម្បីបោសសំអាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់ពីមូលដ្ឋានរស់នៅរបស់ពួកគាត់ ៕





ដោយ ៖ ប៊ុត សារុន