កូនប្រុសបង្កើត យកដំបងវាយសម្លាប់ម្តាយ ត្រូវអាវុធហត្ថចាប់ខ្លួន

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគីរី ឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព យកដំបងវាយទៅលើកញ្ចឹងកម្តាយបង្កើតពីក្រោយ បណ្តាលអោយស្លាប់នៅក្បែរចង្ក្រាន ក្នុងផ្ទះបាយ ។

ករណីឃាតកម្មខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្រុមទី៧ ភូមិព្រៃអម្ពាន់ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ គង់ គួន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាព យកដំបងមូលវាយ ទៅលេីជនរងគ្រោះជាម្តាយបង្កើតឈ្មោះ ភឹម ផន អាយុ៦៥ឆ្នាំ ចំត្រង់កញ្ចឹងកពីក្រោយ បណ្ដាលអោយដួលស្លាប់នៅក្បែរចង្ក្រានក្នុងផ្ទះបាយ រួចបានរត់គេចខ្លួនទៅដល់ភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក៏ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគីរី ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This