ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងមហាផ្ទៃ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ នៃក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លៀតពេលដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញផ្តល់កិត្តិយសជាអធិបតី និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ដល់យើងខ្ញុំទាំងអស់គ្នា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញជាគណៈអធិបតី និងជាភ្ញៀវកិត្តិយស ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ ។ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង (Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង (Luong Tamquang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រតិភូអមដំណើរ ដែលបានអញ្ជើញជាគណៈអធិបតី។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានមានប្រសាសន៍ គោរពជូនពរសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ក៏ដូចជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងសូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ K-P

CATEGORIES
Share This