បើកការដ្ឋានសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បម្រើឱ្យគោលដៅលំហែបៃតង តំបន់ភ្នំខ្នងផ្សារ
កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន បម្រើឱ្យគោលដៅលំហែបៃតង តំបន់ភ្នំខ្នងផ្សារ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនិងតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អ្នកសារព័ត៌មានជាតិ អន្តរជាតិសរុបប្រមាណជាង៥០០នាក់។
លោក អ៊ាង សុផល្លែត បានលើកឡើងថា សមិទ្ធផលទាំងនេះ នឹងក្លាយជាចំណងដៃថ្មីមួយដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាំងបំពង់ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក៏ដូចជាការតភ្ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ពិសេសគឺជាសមិទ្ធផលដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនផងដែរ។
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បន្ដថា ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតង នៅតំបន់ភ្នំខ្នងផ្សារនេះ គឺជាការផ្តួចផ្តើមនិងចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេចបានមកបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ កាលពីអំឡុងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
លើកឡើងក្នុងឱកាសនោះដែរលោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹង គោលនយោបាយ ការកសាងរដ្ឋបាលឌីជីថលនិងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញបង្វិលយុទ្ធសាស្រ្តចំនួនបី គឺភាពស្អាត ភាពបៃតង និងចីរភាព មកធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់តម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមរយៈការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍន៍បៃតង។
សូមបញ្ជាក់ថា ការអភិវឌ្ឍន៍តំបន់ព្រៃភ្នំដ៏មានសក្ដានុពលនេះ ធ្វើឡើងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍។គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តកាន់តែច្រើន។ ការងារនេះ នឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ ៕



















ដោយ ៖ ប៊ុត សារុន