នគរបាល ចុះឃាត់រថយន្តធុនធំ០១គ្រឿង ដែលបំពានចូលក្រុងល្មើស លិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត

បាត់ដំបង ៖ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ និង លោកវរសេនីយ៍ឯក ប៉ូវ វណ្ឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចាត់អោយកម្លាំងជំនាញចុះឃាត់រថយន្តធុនធំ០១គ្រឿងដែលបើកចូលក្នុងក្រុងល្មើសទៅនឹងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត។

លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានអោយដឹងថា រថយន្តដែលត្រូវឃាត់នាពេលនេះគឺជាប្រភេទរថយន្តដឹកទំនិញធុនធ្ងន់ម៉ាក NISSAN DIESEL ពណ៌ស លាយ ខៀវ ពាក់ផ្លាកលេខ ចង្កូតស្តាំ BB-0322 ដែលរថយន្តខាងលើនេះនៅតែបន្តចូលក្រុងល្មើសទៅនឹងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តដោយមិនអនុញ្ញាតអោយរថយន្តដឹកទំនិញសំពីងសំពោង និងរថយន្តធុនធំចូលក្នុងក្រុងឡើយ ព្រោះបើកាលណាចូលមកទីមួយគឺបណ្តាលអោយមានការកកស្ទះ ទីពីរធ្វើអោយខូចខាតសម្បត្តិ សាធារណៈរបស់រដ្ឋដូចជាផ្លូវថ្នល់ជាដើម  និងតម្រូវអោយម្ចាស់ក្រុមហ៊ុនផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងផងដែរ។

លោកបានបញ្ជាក់ទៀតថា ចំពោះរថយន្តខាងលើមន្ត្រីជំនាញបានបញ្ជូនទៅកាន់ស្នាក់ការរក្សាទុកយានយន្តគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីសាងអីវ៉ាន់ចេញ រួចធ្វើការអប់រំនិងផាកពិន័យទៅតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This