មន្រ្តីជលផលខេត្តសៀមរាប បន្តបង្រ្កាបការនាំចូលត្រីប្រាក្លាសេ រាប់តោននាំចូលពីថៃ
សៀមរាប ៖ មន្រ្តីជំនាញជលផលខេត្តសៀមរាប បន្តបង្រ្កាបដូចភ្លៀងរលឹម លើការនាំចូលត្រីប្រាក្លាសេរាប់តោន ដឹកតាមរថយន្តសាំយ៉ុង គ្មានច្បាប់អនុញាតបន្ទាប់ពីលួចនាំចូលតាមច្រករបៀងកម្ពុជា-ថៃ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកទៅស្តុបបែងចែក្នុងស្រុកបវេល ខេត្តបាត់ដំបង ហើយឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលទៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិកំពុងតាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឲ្យដឹងថា ការចុះបង្ក្រាបរថយន្តដឹកត្រីខាងលើ បានព្យាយាមបើកគេចពីសមត្ថកិច្ច តែទោះជាយ៉ាងណា ក៏មិនអាចគេចផុត ត្រូវបានសមត្ថកិច្ចឃាត់បាននូវរថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A.9942 ដឹកត្រីប្រាក្លាសេទឹកកកពេញ ប្រមាណជា៣.០០០គីឡូក្រាម ដឹកជញ្ជូនផលិតផលជលផល ដោយគ្មានលិខិតអនុញ្ញាត ដែលជាបទល្មើសជលផល។
ខណៈពេលដែលកំពុងឃាត់រថយន្តខាងលើ សមត្ថកិច្ចជំនាញជលផល បានឃាត់រថយន្តកាំម៉ារីកែឆ្នៃមួយគ្រឿង ដែលផ្ទុកត្រីសម្រាប់ចំណីក្រពើមួយគ្រឿងទៀត ពណ៌ខ្មៅ ។
ក្រោយពីបានពិនិត្យមើលសព្វគ្រប់រួចមក ក្រុមការងារបាន កសាងសំណុំរឿង អំពី អំពើល្មើសជាក់ស្ដែង តាមនីតិវិធិច្បាប់ ស្តីពី ជលផល ។ ចំណែកវត្ថុតាងរថយន្តត្រីប្រាក្លាសេ ចំនួន៣.០០០គីឡូក្រាម បានប្រគល់ទៅឲ្យម្ចាស់វិញ ព្រោះម្ចាស់ត្រីខាងលើ បានយល់ព្រមផាកពិន័យតាមច្បាប់ ។ រីឯករថយន្តកាំម៉ារីកែច្នៃ ដឹកត្រីមានឯកសារជាត្រីសម្រប់សត្វក្រពើ ត្រូវបានអោយទៅវិញ។
បើតាមប្រភពព័ត៌មានដែលទទួលបាន ត្រីប្រាក្លាសេកំពុងសម្រុកនាំចូលពីប្រទេសថៃ ចូលកម្ពុជា ដោយខុសច្បាប់ តាមច្រករបៀងនានា ម្តងតាមច្រករបៀងស្ថិតក្នុងទឹកដីបាត់ដំបង និងខ្លះនាំចូលតាមច្រករបៀងខេត្តបន្ទាយមានជ័យ បន្លំទីផ្សារត្រីក្នុងស្រុក ក្នុងមួយថ្ងៃៗពី១០ ទៅ២០តោន។ មិនថែមតែប៉ុណ្ណោះ បន្តដឹកជញ្ជូនចែកចាយ លក់យ៉ាងពេញបន្ទុក តាមបណ្ដាខេត្តផ្សេងៗ ដូចជាបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តបាត់ដំបង ៕






