រដ្ឋបាលខេត្តប៉ៃលិន ខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ ៖ រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។
បន្ទាប់ពីលោកប្រធានមន្ទីរការងារខេត្តប៉ៃលិន អាននៅសាររបស់សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា រួចមកលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើលងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ថែរក្សានៅស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានគៀងគរអ្នកវិនិយោគមកកាន់តែច្រើន ដែលកាលពីមុនយើងមានការងារធ្វើ ហើយឥឡូវនេះយើងមានការងារច្រើន និងកាន់តែសម្បូរ ហើយ តម្លៃពលកម្ម ឬប្រាក់ខែកាន់តែច្រើនផងដែរ ហើយទន្ទឹមនឹងការងារសម្បូរ បងប្អូនកម្មករ កម្មការិនីរបស់យើង មានឱកាសច្រើនអាចម្រេចចិត្តធ្វើការនៅរោងចក្រ ឬសហគ្រាសណាដែលខ្លួនគិតថា សាកសមទៅនឹងសមត្ថភាពរបស់ខ្លួន។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ស្នើដល់និយោជក កម្មករនិយោជិត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរក្សាឲ្យបាន នូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាដោះស្រាយបញ្ហានានា ប្រកបដោយសន្តិវិធី អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងប្រើប្រាស់នូវយន្តការនានាដែលមានស្រាប់ឲ្យអស់លទ្ធភាព ដើម្បីផលប្រយោជន៍រួម ជាជាងយកផលប្រយោជន៍បុគ្គលជាធំ ហើយសូមយកស្មារតីនៃថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីរួមគ្នាពង្រឹងនូវសុខដុមរមនារវាងនិយោជក និងកម្មករ និយោជិត ដោយចាត់ទុករោងចក្រសហគ្រាសជាឆ្នាំងបាយរួម ដែលត្រូវចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាបន្តធានាឲ្យបាននូវ «សហគ្រាសមួយជា សហគមន៍ សុខសាន្តមួយ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍សម្ដែង នូវការកោតសរសើរ និងថ្លែងអំណរគុណពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងនិយោជក និងកម្មករ និយោជិតទាំងអស់ ដែលកន្លងមកបានចូលរួមសហការគ្នា ក្នុងការពង្រឹង អនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ មានអនាម័យ បរិស្ថានល្អ គោរពច្បាប់ចរាចរណ៍ លើកកម្ពស់លក្ខខណ្ឌការងារ ឱ្យស្របតាមច្បាប់ និងផ្សព្វផ្សាយច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ជូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ និងសហគ្រាស ឱ្យបានកាន់តែទូលំទូលាយថែមទៀត។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានប្រគល់ថវិកាដល់កម្មករនិយោជិត ចំនួន ១២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងសិស្សសិក្ខាកាម ចំនួន ៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ ៕







