រថយន្តដឹកកម្មករ ក្រឡាប់បណ្ដាលឱ្យកម្មកររងរបួសធ្ងន់ស្រាល៥នាក់ នៅស្រុកគងពិសី
កំពង់ស្ពឺ ៖ រថយន្ដដឹកកម្មករមួយគ្រឿង បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២០ និង១៥នាទី បណ្ដាលឱ្យកម្មករប្រុសស្រីចំនួន៥នាក់ រងរបួសធ្ងន់ស្រាល។
យោងតាមសម្តីមន្រ្ដីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ដែលបានចុះទៅកាន់កន្លែងកេីតហេតុ បានអោយដឹងថា ហេតុការណ៍រថយន្ដក្រឡាប់ចាក់ចោលកម្មករ បណ្ដាលមកពីបញ្ហាបច្ចេកទេសយានយន្ដគឺរថយន្ដដាច់រ៉ូទីលពេលកំពុងបើកបរ។
មន្ត្រីដដែលបញ្ជាក់ថា រថយន្ដដឹកកម្មកររោងចក្រខាងលេីម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-3687 អ្នកបើកបរឈ្មោះ វ៉ែន ឆឹក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។រថយន្តនេះបានផ្ទុកកម្មករ កម្មការិនីដែលចេញពីរោងចក្រសរុប៣៥នាក់ ដើម្បីវិលត្រឡប់ទៅកាន់ភូមិឋានវិញ។ នៅមុនកេីតហេតុ រថយន្ដបើកបរមកពីទិសខាងលិច រួចបន្ដឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ រថយន្ដបានជួបបញ្ហាបច្ចេកទេសដាច់រ៉ូទីល រួចបានរេចង្កូតនាំរថយន្ដក្រឡាប់ធ្លាក់ចូលស្រែ ជះកម្មករប្រុសស្រីដែលជិះនៅលើនោះទៅលើដី បណ្ដាលឱ្យដេករណូករណែលពេលវាលស្រែ។
ហើយក្រោយហេតុការណ៍ កម្មករដែលរងរបួសត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកគងពិសី ដេីម្បីជួយសង្រ្គោះនិងព្យាបាលភ្លាមៗ រីឯអ្នកបេីកបររថយន្ដសមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ផ្នែកសណ្ដាប់ធ្នាប់ដើម្បីធ្វេីការសាកសួរជុំវិញស្ថានការណ៍ដែលនាំអោយមានការក្រឡាប់រថយន្ដខាងលេីនេះ ៕








ដោយ ៖ ប៊ុត សារុន