ចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងស្រុកភ្នំព្រឹក

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក។

លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបង បានរៀបចំក្រុមចុះបញ្ជីចំនួន ១១ក្រុម មានកម្លាំងសរុបចំនួន ២២០នាក់ ដើម្បីជួយជំរុញបង្ហើយក្បាលដីដែលនៅសេសសល់ចំនួន២៦៧ ០៥១ក្បាលដីនៅទូទាំងខេត្ត ហើយការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ គិតមកដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្រេចបានការវាស់វែងក្បាលដីចំនួន ២៤០ ៨៥៤ក្បាលដី,ប្រមូលទិន្នន័យវិនិច្ឆ័យបានចំនួន ១២១ ១៧៥ក្បាលដី,ធ្វើការបិទផ្សាយជាសាធារណៈបានចំនួន៣១ ៥៥០ក្បាលដី,ចេញបណ្ណបានចំនួន ២៥២៥ ក្បាលដី,ចែកបណ្ណបានចំនួន១ ៣៣៣ក្បាលដី ដោយឡែកចំពោះការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក នាថ្ងៃនេះ សរុបមានចំនួន ១ ១៩២បណ្ណ ស្មើនឹង៧២១គ្រួសារ។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំអាជ្ញាធរ ស្រុក ឃុំត្រូវទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ ថែរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន និងបើកផ្លូវឱ្យបានធំទូលាយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីទុកចែកតកូនតចៅ កុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួនខណៈការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

លើសពីនេះ ឯកឧត្តម គិត ច័ន្ទគ្រឹះស្នា បានថ្លែងថា ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចទី៤នៅកម្ពុជា និងស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវយកចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និងដាំដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ៕

ដោយ ៖ សាលី

CATEGORIES
Share This