ជិះម៉ូតូពេលមេឃកំពុងភ្លៀង ជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉កចតចោល បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូពេលមេឃកំពុងធ្លាក់ភ្លៀង ជ្រុលចង្កូតទៅបុកម៉ូតូរ៉ឺម៉ក ដែលឈប់ចតនៅវេលាម៉ោង ០៨និង៥៥នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1l-1178 បើកបរដោយឈ្មោះ ម៉ុក ថាន ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខណៈមេឃកំពុងភ្លៀងបានជ្រុលទៅបុកម៉ូតូសណ្ដោងរ៉ឺម៉កដែលឈប់ចតនៅលើចិញ្ចើមផ្លូវពីក្រោយបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ដែលម្ចាស់ រ៉ឺម៉កឈ្មោះ ស្រី ពៅ ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅធ្វើការពិនិត្យវាស់វែងរួចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំឡូត ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This