ឯកឧត្ដម អ៊ុំ រាត្រី និងលោកជំទាវ ប្រគេនគ្រឿងបរិក្ខារ និងបច្ច័យ ដល់ព្រះសង្ឃ ២២វត្ត ក្នុងក្រុងសិរីសោភ័ណ ក្នុងឱកាសចូលព្រះវស្សាឆ្នាំ ២០២៥
បន្ទាយមានជ័យ ៖ ស្របពេល នៃពិធីបុណ្យចូលព្រះវស្សា និង អាសាឡបូជា នាឆ្នាំ២០២៥ នឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ នាព្រឹកថ្ងៃពុធ ១៤ កេីត ឆ្នាំម្សាញ់ សប្តស័កពុទ្ធសករ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដាឆ្នាំ២០២៥។ ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ រួមដំណើរដោយឯកឧត្តមលោកជំទាវ អស់លោកលោកស្រី និងមន្ត្រីរាជការបានអញ្ជើញប្រគេន នូវគ្រឿងបរិក្ខារដល់ព្រះសង្ឃសរុបចំនួន ២២វត្តនៅក្នុងក្រុងសិរីសោភ័ណ ដែលបានរៀបចំឡើងនាបរិវេណវត្ត គិរីជុំចម្ការខ្នុរ ដោយក្នុង១ វត្តទទួលបាននូវអង្ករការ៉ុង មីយេីង ៥កេស ទឹកបរិសុទ្ធកម្ពុជា ៥កេស ភេសជ្ជៈ៥កេស ទឹកត្រីទឹកស៊ីអ៊ីវ៥យួរ ស្លាដក់១គូរ ទៀនវស្សា១គូរ បិងថវិកា ៨៥មុឺនរៀល ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានរួបរួមរៀបចំកម្មវិធីបុណ្យប្រគេនគ្រឿងបរិក្ខារផ្សេងផ្សេងដល់ព្រះសង្ឃ នៅក្នុងឱកាសនេះ គឺស្របពេលដែល ព្រះសង្ឃចូលព្រះវស្សាចាប់ពីថ្ងៃ ១រោចខែអាសាធ និងចេញព្រះវស្សានីថ្ងៃ ១៥កើតខែអស្សុជ គឺគម្រប់៣ ខែ ហើយចំពោះគ្រឿងបរិក្ខារនិងបច្ច័យទាំងអស់នេះមិនអាចផ្គត់ផ្គង់ដល់ព្រះសង្ឃបានមួយរយៈពេលខ្លីតែប៉ុណ្ណោះ នេះគឺជាទឹកចិត្ដសន្ធាជ្រះថ្លារបស់ឯកឧត្តមលោកជំទាវអស់លោកលោកស្រី។
ឯកឧត្តមបានបន្តថា យើងបានធ្វើបុណ្យរួមគ្នាយ៉ាងសប្បាយរីករាយនាពេលនេះ ដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញតាមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះយើងទាំងអស់គ្នាសូមចូលរួមថែរក្សាសុខសន្តិភាពនេះ។
ក្នុងនាមជា ព្រះមន្ត្រីសង្ឃ ខេត្ត ស្រុកក្រុង និងព្រះសង្ឃទូទាំងខេត្ត ព្រះសមណ:ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមលោកជំទាវ អស់លោកលោកស្រីមន្ត្រីរាជការទាំងអស់ ដែលមានសទ្ធាជ្រះថ្លា ប្រគេនគ្រឿងបរិក្ខារដល់ព្រះសង្ឃទាំង ២២វត្តសម្រាប់ផ្គត់ផ្គង់ក្នុងពេលចូលព្រះវស្សាបីខែ ។ ព្រះអង្គបន្តថា បុណ្យចូលព្រះវស្សា គឺជាបុណ្យដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនានិងជាបុណ្យ ដែលមានមកក្នុងវិន័យ ដែលព្រះសម្មាសម្ពុទ្ធអនុញ្ញាតឲ្យព្រះភិក្ខុសង្ឃ គង់ចាំព្រះវស្សាអស់រយៈពេលបីខែ ក្នុងវស្សានរដូវ ៕











