ស្រវឹងស្រា ដុតផ្ទះរម្ដាយចោល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេច

បាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេផឹកស្រាស្រវឹងរួចដុតផ្ទះម្តាយបង្កើតខ្លួនឯងកាលពីវេលាម៉ោងប្រហែល ១៨និង២០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ជិន ចំរុង ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ បានធ្វើសកម្មភាពដុតផ្ទះម្តាយបង្កើតខ្លួនឯងឈ្មោះ រុយ អឿន អាយុប្រហែល៦៤ឆ្នាំ ដែលមានទំហំ ៤ម៉ែត្រX៦ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះអស់ប្រហែល៧០% គិតជាទឹកប្រាក់សរុបចំនួនប្រហែល ៣ លានរៀល។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ កម្លាំងអធិការនគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ រួមជាមួយកម្លាំងប្រជាការពារ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងតែមិនបានប្រើប្រាស់ទឹកឡើយ ព្រោះកម្លាំងប៉ុស្តិ៍និងប្រជាពលរដ្ឋបានទប់ស្កាត់ស្ថានការណ៍ទាន់ពេល ទើបមិនអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឬសត្វ ប៉ុន្តែបានឆ្លងទៅផ្ទះអ្នកជិតខាងឆេះអស់បង្អួចចំនួនមួយ ៕

ដោយ ៖ សាលី

CATEGORIES
Share This