លោក ជា យុទ្ឋារុណ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើង លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅឃុំតាគង់ ស្រុកម៉ាឡៃ
បន្ទាយមានជ័យ ៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើសរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដល់ជូននៅគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ គម្រោងនោះត្រូវបានលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយលោក សាន ពិសិដ្ឋ អនុប្រធានការិយាផ្គត់ផ្គង់ទឹកជនបទ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៥។
ទន្ទឹមគ្នាជាមួយនឹងការចុះពិនិត្យនោះលោក ជា យុទ្ឋារុណ បានមានប្រសាសន៍ថា វឌ្ឍនភាពគម្រោងកម្មវិធីអភិវឌ្ឍន៍នេះក្រសួងបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន ៖ ១-ស្តារស្រះសហគមន៍ចំនួន៦២, ២-អណ្តូងខួងបំពាក់ស្នប់ចំនួន៣៥៣, ៣-ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង៤, ៤-ធុងជ័រត្រងទឹកភ្លៀងចំណុះ១០ ០០០លីត្រ សម្រប់សាលារៀន និងមណ្ឌលសុខភាព ចំនួន១៤៥, ៥-បង្គន់អនាម័យតាមសាលារៀនចំនួន២៦, ៦-បង្គន់អនាម័យគ្រួសារចំនួន១៣៣។
លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ និងក្រុមហ៊ុនសាងសង់ ឲ្យខិតខំជំរុញការងារសាងសង់ទៅតាមជំនាញស្របទៅតាមស្តង់ដា និងមានគុណភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង ហើយឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់។
ជាមួយគ្នានោះលោក ជា យុទ្ឋារុណ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថាននៅតាមបរិវេណជុំវិញស្រះ អណ្តូងទឹក បង្គន់អនាម័យ..ល..។ ពិសេសសូមចូលរួមផ្តល់ការសហការណ៍ និងជម្រុញគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាពបន្តទៀត៕
















