អាវុធហត្ថឃាត់ខ្លួន ជនជាតិថៃ៣នាក់ បញ្ជូនទៅតុលាការ ករណី បង្កហិង្សានៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃ ចំនួន០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបង្កល់ហិង្សាទៅលើជនរងគ្រោះ បណ្ដាលឲ្យសម្លាប់ធំ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យជនរងគ្រោះ ដួលសន្លប់បាត់បង់ស្មារតី ហើយ សន្តិសុខប្រចាំកន្លែងកើតហេតុ បានឃាត់ខ្លួនជនបង្ក សុទ្ធសឹងជាជនជាតិថៃ ចំនួន០៣នាក់ រួមមាន ៖ ១-ឈ្មោះ ណុបថាឡាត់ ប៉ាន ថានុន (NOPPAYAT PANTHANON) ភេទប្រុស អាយុ២១ឆ្នាំ ,២-ឈ្មោះ ផាណាត់ សូផាផាត់កូ ស៊ីន (THANAT SOPHAPHATKOSIN) ភេទប្រុសអាយុ២៤ឆ្នាំ,៣-ឈ្មោះ ឆមីន នេនឌី (CHAI MIN NENDEE)ភេទប្រុស អាយុ២២ឆ្នាំ ប្រគល់ឲ្យអាវុធហត្ថក្រុងប៉ោយប៉ែតចាត់ការតាមផ្លូវច្បាប់ ។
លោកមេបញ្ជាការ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានវាយទៅលេីជនរងគ្រោះ បណ្តាលឱ្យដួលសន្លប់ពិតប្រាកដមែន ដោយសារជនរងគ្រោះ ទៅជល់កែវស្រា ជាមួយសង្សាបងធំរបស់ពួកគេ បណ្តាលឱ្យបែកកែវ ទេីបពួកខ្លួនវាយទៅលេីជនរងគ្រោះតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរួមមក កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង០៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


