ចាប់ខ្លួនអ្នកកាសែត២នាក់ បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ ក្រោយចូលទៅដាក់កុងត្រូលជាមួយគេ ដើម្បីទារលុយពីអ្នកដឹកឈើ អុស ធ្យូង នៅស្រុកឱរ៉ាល់
កំពង់ស្ពឺ ៖ អ្នកកាសែត២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តកំពង់ស្ពឺ ក្រោយដាក់កុងត្រូលជជុះ ទារលុយពីអ្នករកស៊ីដឹកឈើ អុស ធ្យូង ចេញពីភូមិសាស្ត្រស្រុកឱរ៉ាល់ ។
អ្នកកាសែតទាំង២នាក់ ត្រូវបានចាប់ខ្លួននៅចំណុចផ្លូវគ្រួសក្រហម កំណាត់ផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ យប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥តាមការបញ្ជាពីគណបញ្ជាការឯកភាពស្រុកឱរ៉ាល់។
តាមការឱ្យដឹងពីសមត្ថកិច្ចមូលដ្ឋានថា អ្នកកាសែតទាំង២នាក់ដែលបានចាប់ខ្លួន ៖ ១-ឈ្មោះ វ៉េត ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃឈៀង ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរជាអ្នកសារព័ត៌មានបាសិទ្ធធីវី មានទីតាំងនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ដកហូតរថយន្តម៉ាក Toyota Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2E-2110 មួយគ្រឿង, ពូថៅ ចំនួន០១ដើម, ដែកចំរ៉ុងចំនួន១០គ្រាប់, ទូរស័ព្ទម៉ាក Iphone ចំនួន ០២គ្រឿង, កាតសម្គាល់អ្នកសារពត៌មានចំនួន ០២សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, ប័ណ្ណបើកបរចចចំនួន០១សន្លឹក, ប័ណ្ណសម្គាល់រថយន្តចចំនួន១សន្លឹក, លុយខ្មែរចំនួន១លានរៀល ។ ២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឆែបបួយ ស្រុកឆែប ខេត្តព្រះវិហារ មុខរបរជាអ្នកសារព័ត៌មានអង្គភាពស្លឹករឹត មានទីតាំងនៅរាជធានីភ្នំពេញ ។ ដកហូត រថយន្តម៉ាក Lexus 470 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2O-2441 មួយគ្រឿង , ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក Iphone ០១គ្រឿង ម៉ាក តិចណូ ០១គ្រឿង), លុយខ្មែរចំនួន៤០ម៉ឺនរៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, កាតសម្គាល់អ្នកសារពត៌មានចំនួន ០១សន្លឹក, ជំពាមកៅស៊ូចំនួន ០១, ចិញ្ជៀនដាំត្បូងចំនួន ០១វង់ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចក៏បាននាំយកអ្នកកាសែតទាំង២នាក់មកកាន់អធិការដ្ឋានស្រុកឱរ៉ាល់ដើម្បីធ្វើការសាកសួរ ។ ហើយនៅចំពោះមុខសមត្ថកិច្ច អ្នកកាសែតទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនស្ថិតនៅចំណុចនោះដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ និងយកលុយពីអ្នកដឹកអុស ដឹកធ្យូងក្នុង១ឡាន ៥០០០រៀល ទៅ ១០,០០០រៀលគ្រាន់ទិញបាយហូប ហើយមិនដែលដេញចាប់ ដេញស្ទាក់អ្វីទេ គឺអ្នករកស៊ីឈើ អុស ធ្យូងទាំងនោះ ឈប់ឡានអោយដោយស្ម័គ្រចិត្តប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ស្រុកឱរ៉ាល់ គឺជា ស្រុកដែលមានបទល្មើសព្រៃឈើឆ្លងកាត់ច្រើន សមត្ថកិច្ចគ្រប់ស្ថាប័នបានដាក់ប៉ុស្តិគ្រប់រូបភាព ពិសេសគឺមន្ត្រីបរិស្ថានតាំងពីក្នុងព្រៃរហូតថ្នល់ជាតិ និងស្នាក់ការមេព្រៃជាង១០កន្លែង បានដាក់បណ្តាក់គ្នាដូចខ្យង់ដើម្បីបង្ការទប់ស្កាត់ ហើយក្នុងនោះក៏មានគោលដៅលោកនាយកកាសែតជាច្រើនអង្គភាពផងដែរ។ប៉ុន្តែគេនៅតែសង្កេតឃើញថា បទល្មើសព្រៃឈើហាក់ឆ្លងកាត់បានយ៉ាងរលូនដោយគ្មានហានិភ័យឡើយ ហើយក៏មិនដែលឃើញគណបញ្ជាការឯកភាពស្រុកឱរ៉ាល់អើពើឬចាត់វិធានការឡើយ។ហើយចំពោះចំណាត់ការលើអ្នកកាសែត២នាក់ខាងលើពីសំណាក់គណបញ្ជាការឯកភាពស្រុកឱរ៉ាល់ គេបានដាក់ការសង្ស័យនិងកើតឆ្ងល់ថា ប្រហែលជាអ្នកកាសែតទាំង២នាក់នេះជាអ្នកកាសែតចំណូលថ្មីដែលចូលទៅឈរជើងដាក់កុងត្រូលនៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍និងជាឆ្អឹងទទឹងក ទើបកើតមានការចាប់ខ្លួនឬយ៉ាងណា។គេថាអ្នកកាសែតជាច្រើនអង្គភាពបានឈរជើងប្រមូលប្រយោជន៍ពីបទល្មើសព្រៃឈើជាមួយសមត្ថកិច្ចនៅទីនោះធ្វើមានបាននិងព្យុះភ្លៀងមិនដែលមានបញ្ហាឡើយ តែតែងកើតមានករណីបើកឡានដេញបុក បាញ់កាំភ្លើងខ្យល់ និងគម្រាមកំហែងគ្រប់រូបភាពពីសំណាក់អ្នកកាងបទល្មើសព្រៃមកលើអ្នកកាសែតដែលចូលទៅដាក់កុងត្រូលម្តងម្កាលប៉ុណ្ណោះ។
ពាក់ព័ន្ធនិងការចាប់ខ្លួនអ្នកកាសែត២នាក់ខាងលើ ពីសំណាក់គណបញ្ជាការឯកភាពស្រុកឱរ៉ាល់បញ្ជូនមកអនុវត្តន៍ច្បាប់ គេក៏រង់ចាំមើលផងដែរថា តើគណបញ្ជាការឯកភាពស្រុកខាងលើ នឹងអនុវត្តន៍ដូចគ្នាលើកុងត្រូលជជុះរបស់អ្នកកាសែត ដែលភាគច្រើនសុទ្ធតែជានាយកផ្សេងទៀតដែរឬទេ ហើយក្នុងនោះអាជ្ញាធរខេត្តកំពង់ស្ពឺ ក៏ជួយបោសសំអាតកុងត្រូលជជុះទាំងនោះផង ព្រោះកុងត្រូលច្រើនក៏គ្មានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់បទល្មើសឱ្យមានថមថយបានដែរ ៕













ដោយ ៖ ប៊ុត សារុន