លុះត្រាតែមានការផ្សះផ្សា បង់លុយក្នុង១ម៉ែត្រការ៉េ១៤ដុល្លា ទើបពលរដ្ឋជាង២០០គ្រួសារនៅក្រុងប៉ោយប៉ែត អាចទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី

ប៉ោយប៉ែត ៖ ពលរដ្ឋប្រមាណជាង២០០គ្រួសារ ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើតទុក្ខមិនសុខចិត្ត ដោយសារតែនៅសុខៗ មានគេប្តឹងថា ដីពួកគាត់ជាដីរបស់គេ ខណៈដែលពួកគាត់កំពុងរស់នៅកាន់កាប់ស្រប់ច្បាប់ រហូតពួកគាត់បានចុះបញ្ជីរដីធ្លីជាលក្ខណៈប្រព័ន្ធចប់សព្វគ្រប់ បែជាមិនអាចដកយកប័ណ្ណកម្មសិទ្ធិបាន។

ក្នុងពេលប្តឹងផ្តល់គ្នា មានការផ្សះផ្សាថា បើចង់ដកប័ណ្ណ(ប្លង់រឹង)បាន លុះត្រាតែពលរដ្ឋជាម្ចាស់ដី ព្រមផ្សះផ្សាបង់លុយ អោយភាគីអ្នកប្តឹងក្នុងមួយការ៉េនៃផ្ទៃដី ១៤ដុល្លា។

បើតាមការរៀបរាប់របស់ប្រជាពលរដ្ឋជាម្ចាស់ដី ជាច្រើននាក់ ក្នុងចំណោមពលរដ្ឋដែលរដ្ឋនៅក្នុងតំបន់នោះដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង) ប្រមាណជាង២០០គ្រួសារ ក្នុងនោះរួមមានឈ្មោះ អុឺន ឆៃ ឈ្មោះ វុធ ធីតា ឈ្មោះ សៅ ឡន បានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ថា ពួកគាត់បាននឹងកំពុងរស់នៅមានលំនៅដ្ឋាន ប្រកបរបររកសុី និងផ្ទះខ្លះក៏ទៅធ្វើការនៅថៃ ទើបតែមកពេលដែលមានបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជាថៃ ខ្លះជាម្ចាស់ដីបានទិញលក់តៗ គ្នា ដោយមានច្បាប់ទំលាប់ឯកសារកាន់កាប់ដីត្រឹមត្រូវ ១០ទៅ២០ឆ្នាំមកហើយ ពុំដែលមានរឿងប្តឹងផ្តល់ណានោះទេ រហូតនៅចុងឆ្នាំ២០២៤ ដើមឆ្នាំ២០២៥ រដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត និងមន្ទីរជំនាញសុរិយោដី បានចុះវាសវែងធ្វើប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋលើដីដែលបានកាន់កាប់តាមឯកសារដី ដែលហៅថាការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ រហូតចប់សព្វគ្រប់ ដីខ្លះជាប់ពន្ធប្រថាប់ត្រា ពលរដ្ឋក៏បានបង់ពន្ធ ដើម្បីឈានទៅដកយកប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់ ស្រាប់តែដកមិនបានដោយមន្រ្តីជំនាញមិនដកអោយ ដោយប្រាប់ថាដីមានទំនាស់មានគេប្តឹងថា ជាដីរបស់គេត្រូវរង់ចាំការដោះស្រាយសិន។ ក្រោយទទួលបានព័ត៌មានថា ដីពួកគាត់មានបញ្ហាមិនអាចដកបាន ពួកគាត់ក៏ក្លាយជាកើតទុក្ខ មិនសុខចិត្តកើតជាបញ្ហាខ្វាយខ្វល់ មិនអាចធ្វើការរកសុីអ្វីកើត រវល់តែទៅប្តឹងផ្តល់និងទៅដោះស្រាយខណៈដែលពួកគាត់ ជួបបញ្ហាវិបត្តិសេដ្ឋកិច្ចនៅពេលដែលព្រំដែនមានបញ្ហា និងរវល់តែរត់ភៀសខ្លួនផង។

ពួកគាត់បានបន្តថា កន្លងមកពួកគាត់បានលើកគ្នាទៅសុំអោយអាជ្ញាធរក្រុងប៉ោយប៉ែត ជួយរកយុត្តិធម៌ជូនពួកគាត់ តែមិនទទួលបានលទ្ធផលរហូតបានទៅប្តឹងដល់សាលាខេត្ត នៅតែមិនទាន់ទទួលបានលទ្ធផលដោយបានត្រឹមតែសម្របសម្រួល ខណៈដែលភាគីម្ខាងទៀតដែលមិនដឹងថាជានណា ដោយចាត់អោយតែតំណាងមកដោះស្រាយ តម្រូវអោយពលរដ្ឋជាម្ចាស់ដីតាមរយៈតំណាងបើចង់បញ្ចប់ទំនាស់ ត្រូវផ្សះផ្សាគ្នាបង់លុយក្នុងដី១ការ៉េរបស់ប្រជាពលរដ្ឋ ដែលគេប្តឹងត្រូវបង់១៤ដុល្លា ទើបអាចដកប្លង់ដីបាន។ ដែលបញ្ហានេះហើយ ធ្វើអោយពលរដ្ឋទុក្ខលើទុក្ខដោយសារពួកគាត់មិនមានលុយសម្រាប់ដោះស្រាយ និងឈឺចិត្តថា ដីពួកគាត់នៅនិងកាន់កាប់សុខៗ គេមកប្តឹងហើយកំណត់អោយបងលុយ បើគិតទៅដីមួយប្លង់ៗ ច្រើនការ៉េត្រូវចំណាយលុយរាប់ពាន់ដុល្លា ទើបពួកគាត់មួយចំនួនធំដែលគ្មានលទ្ធភាព មិនសុខចិត្តសូមអោយសម្តេចតេជោ ហ៊ុន សែន សម្តេចប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយពួកគាត់អោយបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលពួកគាត់មិនបានទៅលួចឆក់ប្លន់គេទេ គឺ បានមកពីការទិញលក់ស្របច្បាប់។

ជំវិញករណីនេះលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលកិច្ចការដីធ្លីនេះ លោកពុំបានផ្តល់ពីដំណើររឿងនេះទេ ដោយលោកបានប្រាប់អ្នកព័ត៌មានយើងអោយដឹងពីថ្ងៃទី១២ ខែសីហានេះថា ការងារនេះ ដល់តែមើលឯកសារ និងចាំលោកសួរទៅមន្រ្តីជំនាញសិន ៕

CATEGORIES
Share This