ស្ទឹងសៀមរាប នឹងកាន់តែមានសោភ័ណភាព ដោយសារគម្រោងស្តារស្ទឹង ជំហានទី២ ត្រូវបានបញ្ចប់១០០%
សៀមរាប ៖ គម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ត្រូវបានបញ្ចប់ដោយជោគជ័យ ១០០ភាគរយហើយ ដែលការស្ដារស្ទឹងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប ព្រមទាំងអាចឱ្យកាណូតចូលមកដល់ក្នុងខេត្ត ដើម្បីដឹកជញ្ជូនផលិតផល ឬកសិផលផ្សេងៗតាមផ្លូវទឹកមួយនេះបានផងដែរ។
លោក លី សារី អភិបាលរងខេត្ត បានបង្ហាញថា គម្រោងនេះមិនត្រឹមតែលើកកម្ពស់សោភ័ណភាពក្រុងប៉ុណ្ណោះទេ ថែមទាំងអាចទាក់ទាញភ្ញៀវទេសចរ និងផ្ដល់កន្លែងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណបានទៀតផង។ លោកបានបន្តថា គម្រោងនេះទោះបីជាប្រគល់មកឲ្យរដ្ឋបាលខេត្តគ្រប់គ្រងក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តតាមដាន និងជួយមើលថែមួយឆ្នាំទៀតដែរ។
លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយ និងទប់ស្កាត់ការជីកកកាយ ឬការសាងសង់សំណង់ផ្សេងៗនៅតាមដងស្ទឹង។ ការបង្ហូរទឹកចូលក្នុងស្ទឹង ឬការដាំដើមឈើ ក៏ត្រូវតែស្នើសុំមកកាន់រដ្ឋបាលខេត្តជាមុនផងដែរ ព្រោះគម្រោងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ជំនួយនៅឡើយ។ ម្យ៉ាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ច ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យជួយថែរក្សាអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសពេលដែលពួកគាត់ហាត់ប្រាណនៅតំបន់នោះ។ លោកក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍របស់កូរ៉េ ដែលបានជួយដល់ការស្តារស្ទឹងសៀមរាបជំហានទី២នេះ បានជោគជ័យតាមផែនការដែលបានគ្រោងទុក។
លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា កន្លងមកក្រុងសៀមរាបតែងតែជួបប្រទះបញ្ហាទឹកជំនន់ញឹកញាប់ ដោយសារស្ទឹងសៀមរាបហូរកាត់ក្រុងមានសភាពចាល់ ចំណែកទឹកទន្លេសាបឡើងខ្ពស់ និងប្រព័ន្ធលូនានាដែលហូរមិនទាន់។ បន្ទាប់ពីការសាងសង់ និងជួសជុលរួចរាល់ ក្រសួងបានផ្ទេរការគ្រប់គ្រងទៅរដ្ឋបាលខេត្ត ហើយក៏បានស្នើឱ្យរដ្ឋបាលខេត្តជួយទប់ស្កាត់ការសង់សំណង់ផ្សេងៗ ដើម្បីរក្សា និងលើកកម្ពស់សោភ័ណភាពដងស្ទឹងសៀមរាបរបស់យើង ឱ្យកាន់តែស្រស់ស្អាត។ ទន្ទឹមនឹងនេះ យើងក៏ត្រៀមនឹងបន្តស្តារស្ទឹងសៀមរាបជំហានទី៣ បន្តពីជំហានទី២ នេះផងដែរ៕






