អភិបាលខេត្តកំពង់ស្ពឺ ក្រើនរំឭកដល់មន្ត្រីក្រោមឱវាទ ឱ្យបន្តការខិតខំបន្ថែម ដើម្បីពង្រឹងសមត្ថភាពការងារ ក្នុងការបម្រើសេវាសាធារណៈ

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេសមន្ត្រីក្នុងសាលាខេត្តផ្ទាល់ ត្រូវរួមគិត រួមធ្វើ ហើយបន្តពង្រឹងសមត្ថភាពការងារចំពោះការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានទំនុកចិត្តនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

ការក្រើនរំលឹកនេះធ្វើឡើងគ្រាដែលជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។

លោក ជាម ចន្ទ័សោភ័ណ លើកឡើងថា មួយឆ្នាំមកនេះក្នុងអាណត្តិលោកជាអភិបាលខេត្តបានសង្កេតឃើញថាបងប្អូនជាមន្ត្រីសាលាខេត្តបានខិតខំរួមសាមគ្គីគ្នាក្នុងការងារអភិវឌ្ឍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដោយបន្សល់ទុកនូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសូមមន្ត្រីយើងទាំងអស់គ្នាកុំស្កប់ស្កល់និងស្នាដៃ សមិទ្ធិផលដែលបានសម្រេចកន្លងមក ហើយត្រូវបន្តខិតខំបន្ថែមទៀតសម្រាប់ឆ្នាំបន្តបន្ទាប់ ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀតគឺត្រូវប្រកាន់នូវគោលការណ៍ពង្រឹងនូវគុណភាពនៃស្ថាប័ននីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព ពលរដ្ឋមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមផងដែរ។

លោកបានគូសបញ្ជាក់ថា ស្ថាប័នរដ្ឋបាលខេត្ត គឺជាចំណុចស្នូលដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍យកទៅអនុវត្តធ្វើយ៉ាងណា កសាងនូវជំនឿទុកចិត្តពីប្រជាពលរដ្ឋឱ្យបានខ្លាំងក្លាក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយត្រូវចៀសវាងឱ្យផុតពីការសាងនូវកំហុស បង្កភាពឈឺចាប់ និងប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នរដ្ឋ។

ជាងនេះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានសង្កត់ធ្ងន់ថា ដើម្បីផ្ដល់ក្តីសង្ឃឹម និងជំនឿទុកចិត្តពីប្រជាពលរដ្ឋមកលើរដ្ឋបាលខេត្ត មន្ត្រីនៃរដ្ឋបាលខេត្តត្រូវពង្រឹងសមត្ថភាព ពឹងផ្អែកទៅលើការបណ្ដុះបណ្ដាល នឹងត្រូវសិក្សាស្រាវជ្រាវឱ្យបានច្រើនបន្ថែមទៀត ពោលគឺត្រូវបន្តរៀនបន្ថែម តាមរយៈវគ្គបណ្ដុះបណ្ដាល ដើម្បីយកសមត្ថភាពពិតទៅបម្រើការងារ ទៅបម្រើប្រជាពលរដ្ឋ និយាយជារួមគឺការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព គុណភាព តម្លាភាព មិនប្រកាន់ និងរើសអើង សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនេះដែរ ដើម្បីឱ្យការដឹកនាំ ការផ្តល់សេវារដ្ឋបាលសាធារណៈប្រព្រឹត្តទៅដោយរលូន និងទទួលបានការជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ក៏ទាមទារឱ្យថ្នាក់ដឹកនាំទាំងអស់ ទាំងក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ការិយាល័យគ្រប់ផ្នែក និងរដ្ឋបាលក្រុងស្រុករហូតដល់ឃុំសង្កាត់ត្រូវតែរួមគិត រួមធ្វើ និងធ្វើឱ្យកាន់តែសកម្មថែមទៀត ដើម្បីមុខមាត់អ្នកខេត្តកំពង់ស្ពឺ ហើយជាមួយនោះក៏ព្រមានចាត់ការចំពោះបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តិអំពើពុករលួយ និងរារាំងដល់ដំណើរការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍន៍ខេត្ត ដោយមិនមានការលើកលែងឡើយ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This