លោកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ PPCTV និងសហការី អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១១ នៃរដូវភ្ជុំបិណ្ឌ នៅវត្តពោធ្យារាម ស្រុកមោងឬស្សី
បាត់ដំបង ៖ សម្រាប់ឆ្នាំ២០២៥នេះ ក៏ដូចជាឆ្នាំមុនៗដែរ គឺអស់រយៈពេលជិត២០ឆ្នាំហើយ ដើម្បីបំពេញកុសលក្នុងពិធីបុណ្យកាន់បិណ្ឌនៃរដូវភ្ជុំបិណ្ឌ លោកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ភីភីស៊ីធីវី តែងតែបានអញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យកាន់បិណ្ឌនៃរដូវភ្ជុំបិណ្ឌក្នុងវត្តពោធ្យារាម។
ជាក់ស្ដែងសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ លោកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ភីភីស៊ីធីវី អមដំណើរដោយលោក សម សីហា ប្រធានផ្នែកព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍កម្ពុជា ប៉ុស្តិ៍លេខ៨ អេជឌី និងសហការី នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញមកចូលរួមឆ្លងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៃរដូវភ្ជុំភ្ជុំបិណ្ឌ នៅវត្តពោធ្យារាម ភូមិពោធិ ឃុំគៀរមួយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
នៅក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌនេះ លោកឧកញ៉ា សុខ ចំរើន ,លោក សម សីហា និងសហការី បានគោរពប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួន ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយនៅរសៀលថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសិល និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញរាប់បាត្រ វេរភត្តាហាដល់ព្រះសង្ឃ ជាកិច្ចបង្ហើយវេនបិណ្ឌទី១១។
នៅក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តពោធ្យារាម ភូមិពោធិ ឃុំគៀរមួយ ស្រុកមោងឬស្សី ខេត្តបាត់ដំបងនេះ លោកឧកញ៉ា សុខ ចំរើន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ ភីភីស៊ីធីវី ក៏បានប្រគេនបច្ច័យសម្រាប់កសាងវត្តពោធ្យារាម ,ប្រគេនបច្ច័យនិងទ័យទានព្រះសង្ឃ គង់នៅក្នុងវត្តពោធ្យារាមនេះ ,ជួយឧបត្ថម្ភយុវជនមកសំរាកសិក្សារៀនសូត្រនៅក្នុងវត្ត ,ចែកជូនតាជីយាយជី និងក្មេងៗសិស្សសាលា សរុបអស់ថវិកា ៣លាន ២០ម៉ឺនរៀល។
នៅក្នុងឱកាសនៃការប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី ១១ នេះ លោកឧកញ៉ា សុខ ចំរើន ក៏បានឧទ្ទិសមហាកុសលជូន ដល់ដួងវិញ្ញាណក្ខ័ន្ធ ឧបាសិកា លី ឡាង ព្រមទាំងលោកអ្នកដ៏មានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ សូមអោយបានរួចចាកផុតពីទុក្ខទោសទាំងឡាយ និងបានសោយសុខក្នុងគតិភពកុំប្បីឃ្លាងឃ្លាតឡើយ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏ធំមួយ ដែលមានសារៈសំខាន់បំផុត របស់បងប្អូនពុទ្ធសាសនិកខ្មែរយើងគ្រប់រូប ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ ហើយដោយពិធីបុណ្យដ៏ធំមួយនេះ ចាប់ផ្ដើមឡើងពីថ្ងៃ១ រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលគេហៅថា បុណ្យកាន់បិណ្ឌ។ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដោយយើងសង្កេតឃើញបងប្អូនពុទ្ធបរិស័ទ ប្រជាពលរដ្ឋ បានដាក់វេនគ្នាជាក្រុមៗ ទៅតាមវេននិមួយៗ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ហើយនៅថ្ងៃ១៥រោច គឺជាថ្ងៃបងប្អូនពុទ្ធបរិស័ទយើង មកពីគ្រប់មជ្ឈដ្ឋាន ដែលមាននាំយកនូវ ចង្ហាន់ ចំណីអាហារ មកជួបជុំគ្នានៅតាមទីវត្តអារាម ដែលជាថ្ងៃបុណ្យធំ គេតែហៅថា បុណ្យភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃ ដែលបងប្អូនជាមន្ត្រីរាជការ បុគ្គលិក កម្មករ នៅតាមបណ្តាក្រុមហ៊ុន និង អ្នករស់នៅជិតឆ្ងាយ ត្រូវបានឈប់សម្រាក់ ដើមី្បបានមកជួបជុំបងប្អូន ញាតិមិត្ត សាច់សាលោហិតរបស់ខ្លួន ក្នុងរដូវភ្ជុំបិណ្ឌនេះ ៕















