របួស២៧នាក់ ក្នុងការប៉ះទង្គិចគ្នាដែលទាហានថៃ មករាយបន្លាលួស ដោយប្រើអាវុធ និងគ្រាប់បែកផ្សែង បាញ់មកលើពលរដ្ឋកម្ពុជា

បន្ទាយមានជ័យ ៖ ព្រះសង្ឃ ទាហាន និងពលរដ្ឋខ្មែរ ២៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងការប៉ះទង្គិចគ្នាខណៈដែលទាហានថៃ មករាយបន្លាលួសជាថ្មី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រដាប់ដោយអាវុធ និងគ្រាប់បែកផ្សែង បាញ់មកលើពលរដ្ឋខ្មែរ ។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៥ ដោយកម្លាំងទាហាន និងប៉ូលិសថៃរាប់រយនាក់ ប្រដាប់ដោយអាវុធខ្លីវែង ដំបង ខែល ដែកវែង ចូលមករាយលួសបន្លាជាថ្មី នៅភូមិព្រៃចាន់ នាំអោយអ្នកភូមិរួមគ្នាតតាំង រុញច្រាន រើបន្លាលួស ហើយត្រូវបានទាហានប៉ូលិសថៃ ប្រើដែកស្នែងក្របី កាំភ្លើងបាញ់ផ្សែង កាំភ្លើងខ្យល់ បាញ់មកលើពលរដ្ឋ និងកម្លាំងកម្ពុជា ដែលហ៊ានតទល់នឹងពួកគេ បណ្តាលអោយរងរបួសទាំងព្រះសង្ឃ ពលរដ្ឋ និងទាហាន។

យោងព័ត៌មានពីកន្លែងកើតហេតុ និងរូបភាពវីដេអូពលរដ្ឋ បានអោយដឹងថា កងកម្លាំងថៃ និងពលរដ្ឋកម្ពុជា បានប៉ះទង្គិវគ្នាយ៉ាងខ្លាំង ក្នុងនោះកម្លាំងថៃប្រដាប់ដោយអាវុធ និងឧបករណ៍គ្រប់សព្វ បានចូលមកធ្វើសកម្មភាព ដាក់បន្លាលួសលើទីតាំងចាស់ ដែលពួកទាហានសៀម មកដាក់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។ កងកម្លាំងថៃ បានបាញ់ផ្សែងឧស្ម័នបង្ហូរទឹកភ្នែក លើពលរដ្ឋនិងកម្លាំងកម្ពុជា ក្នុងនោះ គេឃើញមានពលរដ្ឋកម្ពុជាជាច្រើននាក់ រងរបួសត្រូវបានគេសែង ហើយមានសម្លេងស្រែកថា រងរបួសដោយកម្លាំងថៃបាញ់ ។

ទោះបីជាមានការងរបួសយ៉ាងណា ក៏ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ មិនដកថយនៅតែតតាំងរហូតបានរុញច្រានទាហានថៃ និងប៉ូលិសថៃដកថយទៅក្រោយប្រមាណ៣០ម៉ែត្រ ហើយរើបន្លាលួសចេញដូចកាលពីម្សិលដែរ។

រហូតដល់ម៉ោងជាង៥រសៀលដដែល ស្ថានភាពបានស្ងប់ស្ងាត់សកម្មភាព ប៉ុន្តែនៅប្រឈមមុខដាក់គ្នាដដែលដោយខាងថៃ បានបន្ថែមកម្លាំងតំរង់ជួរ ដាក់ផែនការបន្តទៀត។ ខាងពលរដ្ឋខ្មែរ នៅតែត្រៀមទប់ទល់ មិនទៅណាទេ។

យោងតាមការអោយដឹងពីក្រុមគ្រូពេទ្យ ដែលប្រចាំនៅភូមិព្រៃចាន់ បានអោយដឹងថា គិតមកដល់ម៉ោង៦និង៣០នាទី រសៀលថ្ងៃទី១៧ មានពលរដ្ឋ ព្រះសង្ឃ កងទ័ពកម្ពុជា កុមារសរុប២៧នាក់ ត្រូវរងរបួស ក្នុងនោះ៤នាក់រងរបួសធ្ងន់។

សូមរំលឹកថា កាសែតថៃ ( Thai Press)  ផ្សាយថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន នគរបាលថៃរាប់រយនាក់ ត្រូវប្រើកម្លាំងវរុញច្រាន ដោយប្រើកាំភ្លើងជ័រ ឧស្ម័នផ្សែង ដែកស្នែងក្របី… និងអាចចាប់ខ្លួនប្រជាជន ខ្មែដែលគេចាត់ទុកថា ឈ្លានពានទឹកដីសៀម ៕

CATEGORIES
Share This