កម្មករ-កម្មារិនី រោងចក្រតារាល អ៉ិនធើណេសិណលផ្ទុះការតវ៉ាបិទផ្លូវ ទាមទារឱ្យម្ចាស់រោងចក្រគោរពលក្ខខណ្ឌការងារ គិតគូរពីសុខភាព រួមទាំងប្រាក់ខែ
កំពង់ស្ពឺ ៖ កម្មករ-កម្មារិនីបានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ៤៥.៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមុខរោងចក្រ តារាល អ៉ិនធើណេសិនណល ឯ.ក (TARAL INTERNATIONAL CO., LTD) នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យរោងចក្រមួយនេះទទួលខុសត្រូវលើលក្ខខណ្ឌការងារដែលខ្លួនកំពុងគេចវេស។
បន្ទាប់ពីផ្ទុះការតវ៉ា ក្រុមការងារនៃក្រសួងនិងមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈបានបើកកិច្ចប្រជុំដោះស្រាយវិវាទការងារបន្ទាន់ ស្តីពីកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុនអនុវត្ត លក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនៃ របបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យការងារ ក្រោមវត្តមាន លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមអន្តរាគមន៍ដោះស្រាយទី៣ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា នៅក្នុងរោងចក្រមានកម្មករ-កម្មារិនីធ្វើការចំនួន៥៥០៧០ ស្រី៣៣១០នាក់ បានធ្វើកូដកម្មសុំឱ្យរោងចក្រខាងលើកុំកាត់លុយថ្ងៃដែលបានធ្វើកូដកម្មតាំងពីថ្ងៃទី២ តុលា ឆ្នាំ២០២៥ និងប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយរហូតឈានទៅបិទផ្លូវនាពេលនេះ ៕











ដោយ ៖ មាស សំអូន


