បុរស០២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តនិងម៉ូតូ

បាត់ដំបង ៖ យ៉ាងហោចណាស់បុរស០២នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១០(ផ្លូវចំការដូង)ចំណុចខាងសាលាឧទ្ទរណ៍ ស្ថិតភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្តម៉ាក MITSUBISHI XFORCE ពណ៌ស០១គ្រឿង ពាក់ផ្លាកលេខ កម្ពុជា L.G8.289 បើកបរដោយនារីម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបាន(បត់ឆ្វេង) ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AQ-6295 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរជាបុរសម្នាក់ ទិសដៅពីកើតទៅលិចក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំងពីរនាក់តែម្តង ចំណែកម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញផ្នែកចរាចរណ៍ផ្លូវគោកចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This