ព្រះសង្ឃនិងពុទ្ធបរិស័ទជាង ៥០០០អង្គនាក់ ចូលរួមដង្ហែរក្បួនបុណ្យវិសាខបូជា
បាត់ដំបង ៖ ព្រះសង្ឃនិងពុទ្ធបរិស័ទប្រមាណជាង៥០០០អង្គនាក់បានចូលរួមដង្ហែរក្បួនក្នុងពិធីបុណ្យវិសាខបូជា ដែលប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង។
ពិធីបុណ្យវិសាខបូជាដែលយើងប្រារព្ធធ្វើឡើងនាពេលនេះ គោលបំណងដើម្បីរៀបចំសក្ការៈបូជា ក្នុងថ្ងៃពេញបូរណ៍មី ខែពិសាខ រំឭកដល់ មហានក្ខត្តសម័យ ទាំងបីដែលក្នុងនោះមាន ,ថ្ងៃដែលបានកើតឡើងក្នុងសាសនា ព្រះមហាសមណគោត្តម ព្រះបរមគ្រូនៃយើង ដែលព្រះពោធិសត្វ ព្រះនាម សិទ្ធត្ថ ដែលជាបុត្ររបស់ព្រះបាទ សុទ្ទោទន:និងព្រះនាងសិរី មហាមាយាទេវី ទ្រង់ប្រសូត្រចាកព្រះគក៍នៃព្រះវរមាតា , ថ្ងៃដែលព្រះពោធិសត្វ ត្រង់បានត្រាស់ដឹងនូវចតុរារិយ: សច្ចធម៌ , និងថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ចូលអនុបាទិសេស:និព្វាន ។
ជាមួយគ្នាទៅនិងពិធីបុណ្យវិសាខបូជានេះដែរ ជាចុងក្រោយ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាពុទ្ធបរិស័ទក៏បានរាប់បាត្រប្រគេនព្រះសង្ឃចំនួន១០៦៨អង្គផងដែរ។
គួរបញ្ជាក់ផងដែរថា:ពិធីបុណ្យវិសាខបូជានេះ ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងក៏ដូចជាទូទាំងប្រទេស តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលបានកំណត់ត្រាអោយដឹងថា បុណ្យវិសាខបូជា និយមគោរពឡើងតាំងពីឆ្នាំ១៨១៧មកម្លេះ ហើយបបុណ្យវិសាខបូជានេះគឺជាបុណ្យធំមួយរបស់ព្រះពុទ្ធសាសនា ដែលប្រទេសនិយមកាន់ព្រះពុទ្ធសាសនា លើសកលលោកប្រារព្ធពិធីបុណ្យមួយនេះមិនដែលខកខានឡើយ៕







ដោយ ៖ សាលី