ដីតំបន់៣ នៅភូមិសាស្ត្រឃុំតាប៉ុន ក្នុងស្រុកសង្កែ រាប់សិបហិចតា នៅតែមានការរំលោភបំពាន
បាត់ដំបង ៖ ប្រភពពីប្រជាពលរដ្ឋ បានបង្ហើបអោយដឹងថា ដីតំបន់៣ នៅភូមិសាស្ត្រឃុំតាប៉ុន ក្នុងស្រុកសង្កែ រាប់សិបហិចតា នៅតែមានការរំលោភបំពាន ភ្ជួររាស់ធ្វើស្រែ ពីសំណាក់ពលរដ្ឋមួយចំនួនតូច បើទោះបីមានការណែនាំពីអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធកាលពីឆ្នាំកន្លងមកហើយយ៉ាងណាក្តី។
ប្រភពពីប្រជាពលរដ្ឋដដែល បានបង្ហើបថា ដីតំបន់៣ ដែលរងការរំលោភបំពានភ្ជួររាស់ធ្វើស្រែពីសំណាក់ពលរដ្ឋមួយចំនួនតូចខាងលើ គឺនៅចំណុចទំនប់តាង៉ា ក្នុងភូមិបឹងទឹម ចំណុចចាក់អង្ករ និងនៅចំណុចទីតាំងផ្សេងទៀត ស្ថិតក្នុងឃុំតាប៉ុន ស្រុកសង្កែ ដោយអ្នកខ្លះបាននិងកំពុងដុតព្រៃ អ្នកខ្លះភ្ជួរ អ្នកខ្លះក៏ព្រោះស្រូវរួចរាល់ហើយដែរ ដែលទីតាំងទាំងនោះឋិតនៅក្រៅបង្គោល៩០សិប ដែលរដ្ឋបានកាត់ឆ្វៀល និងដាំបង្គោរួចរាល់ ហើយអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញក៏ធ្លាប់បានណែនាំ និងមិនអនុញ្ញាតអោយធ្វើឡើយ ។
ពាក់ព័ន្ធទៅហ្នឹងដីតំបន់៣នៅចំណុចទំនប់តាង៉ា លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង បានអោយដឹងថា បន្ទាប់ពីមានការចុះពិនិត្យរួច ខាងលោកអភិបាលស្រុកប្រជុំថាអោយខាងភូមិបាលផ្តល់ដំណឹងមក ថាចូលប៉ុន្មានគ្រួសារនិងប៉ុន្មានហិចតា លោកនិងរៀបចំធ្វើ ព្រោះជំនាញលោករងចាំតែចំលើយខាងភូមិបាលទេ ថាតើចូលប៉ុន្មានអីប៉ុន្មានលោកនិងកសាងសំណុំរឿង ប៉ុន្តែមិនដឹងខាងស្រុកមានជំហរយ៉ាងម៉េចលោកមិនទាន់ដឹងតែលោកនឹងអនុវត្តវិធានការច្បាប់ហើយ តែខាងស្រុករងចាំសុំគោលការណ៍ពីឯកឧត្តមអភិបាលខេត្តសិន ដើម្បីធ្វើកិច្ចសន្យាអោយឈប់ ហើយបើអ្នកណានៅតែព្រោះនៅតែដាក់ជីត្រូវតែបញ្ជូនមក ហើយមួយវិញទៀតម្ចាស់ដីគឺមានបង្កាន់ដៃរួចហើយ បង្កាន់ដៃត្រឹមណាធ្វើត្រឹមនឹងទៅ ប៉ុន្តែការសម្រេចគឺលើលោកអភិបាលស្រុកហ្នឹងឯង គោលជំហររបស់គាត់ថាតើអោយយើងអនុវត្តច្បាប់ឬយ៉ាងម៉េច តែបើអនុវត្តច្បាប់អោយលោកចូលរួមអោយភូមិបាលបញ្ជាក់មក ហើយរកសាវតាមកលោកនិងបញ្ជូនអោយខាងតុលាការអ្នកសម្រេច។
លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ លោកបានបញ្ជាក់ដែរថា លោករងចាំមើលគេបញ្ចេញផែនទីមកសិនបានដឹង ព្រោះគេទៅចុចមើលអ្នកដែលបន្តធ្វើស្រែនៅតំបន់៣ចាស់ដែលលើសពីអនុក្រឹត្យលេខ៩០សិប បន្ទាប់ពីរកឃើញនិងបញ្ជូនទៅអោយខាងជលផលដើម្បីបន្តនីតិវិធី ព្រោះពេលដែលចេញអនុក្រឹត្យលេខ៩០សិប ភូមិបាលក៏ដោយ សូរិយោដីស្រុកក៏ដោយ ខាងស្រុកក៏ដោយ អាជ្ញាធរក៏ដោយ បានចុះទៅចុចអោយម្តងហើយ ហើយក៏បានប្រាប់អោយបោះបង្គោលអនុក្រឹត្យ៩០សិបគេបោះអោយត្រឹមនេះហើយ អ្វីដែលអត់បានកាត់ជ្វាលគាត់ធ្លាប់ធ្វើស្រែនោះអោយបោះបង់ទៅ ប៉ុន្តែអ្នកមួយចំនួនតូចនោះអត់បោះបង់ទេនៅតែតាំងចិត្តធ្វើដដែលៗអញ្ចឹងឯង រួមផ្សំដែលគេបោះបង្គោលខុសគាត់យកអាហ្នឹងជាសំអាងថាគាត់អត់ដឹង តែតាមពិតដឹង តែគាត់ធ្វើមិនដឹង ពិសេសនៅខាងទំនប់តាង៉ា កាលពីឆ្នាំតាម៉ិញគេបានណែនាំម្តងហើយ តែពួកគាត់នៅតែថ្គើន អញ្ចឹងមានតែគេបន្តអនុវត្តច្បាប់ហ្នឹងឯង។






ដោយ ៖ សាលី